រថយន្តមួយគ្រឿង កំពុងធ្វើចរាចរណ៍នៅលើដងផ្លូវជាតិ ស្រាប់តែរបូតកង់ក្រោយ រមៀលទៅបុកស្ត្រីម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
រតនគីរី ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មិននឹកស្មានមិនដល់នេះបានកើតឡើង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី។
ជនរងគ្រោះឈ្មោះ មុី ភា ភេទស្រីអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកមានទីលំនៅភូមិ-ឃុំកើតហេតុខាងលើក្រោយពេលដឹកបញ្ជូនទៅដល់មណ្ឌលសុខភាពស្រុកកូនមុំក៏បានស្លាប់តែម្តង ខណៈជនរងគ្រោះកំពុងឈរទិញបន្លែនៅក្បែរផ្ទះរបស់ខ្លួន ស្លាប់ចោលប្តីនិងកូននៅតូចៗគ្មានម្តាយថែទាំតទៅទៀតនោះ។
រថយន្ត១គ្រឿងដែលបង្កឲ្យមានមនុស្សស្លាប់នោះម៉ាក SCANIA ប្រភេទវេអង ពាក់ស្លាកលេខខាងមុខ រតនគិរី3A-8866 និងកន្ទុយរ៉ឺម៉កកំពង់ស្ពឺ4A-0255 ក្រោយពេលកើតហេតុរថយន្តបង្កបានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្វជំនាញបានដេញតាមទាន់នៅត្រង់ចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ចំណែកអ្នបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បន្សល់ទុករថយន្តនៅតាមផ្លូវហើយរត់គេចខ្លួនបាត់ស្រមោល។
រថយន្តវេអងបើកបរក្នុងទិសដៅពីកើតទៅលិច ចេញពីខេត្តរតនគិរីឆ្ពោះទៅអូរពងខេត្តស្ទឹងត្រែង មកដល់ចំណុចកើតហេតុក៏ស្រាប់តែរបូតកង់ខាងក្រោយផ្នែកខាងស្តាំ ទៅបុកស្ត្រីម្នាក់កំពុងឈរទិញបន្លែដើម្បីយកមកធ្វើម្ហូបឲ្យប្តីនិងកូនហូប ជាអកុសល យមរាជបានផ្ដាច់ជីវិតស្ត្រីម្នាក់ ចោលប្ដីនិងកូនឲ្យនៅអាឡោះអាល័យបំផុត។
ចំណែកសពជនរងគ្រោះកម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕