សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ហាញខ្លួនជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជិតពីរគីឡូក្រាម
ភ្នំពេញ : នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ហាញខ្លួនជនសង្ស័យពីរនាក់ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជិតពីរគីឡូក្រាមមុននឹងបញ្ជូនទៅកាន់តុលាការចាត់វិធានការទៅតាមនីតិវិធី។
គួររំលឹកឡើងវិញថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣និង១០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ត្រី មាស ហត លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ស៊ី ម៉ារ័ត្ន នាយរងការិយាល័យក៥ ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀននៅ២គោលដៅផ្សេងគ្នាគឺ៖
គោលដៅទី១: នៅចំណុចបណ្តោយផ្លូវR៦(បឹងកក់)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀនប្រមាណ ១០០ក្រាម។
គោលដៅទី២: នៅចំណុចតាមបណ្តោយផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់និងថ្នាំញៀន១កញ្ចប់ធំ ។
ជាលទ្ធផលឃាត់បានជនសង្ស័យ២នាក់:
១-ឈ្មោះ ម៉ាន់ វ័ន្ត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ ប៊ុន ហៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។
ព្រមទាំងចាប់យកវត្ថុតាងបាន:
កេតាមីន(KETAMINE)ទម្ងន់សុទ្ធ ១ គ.ក្រ ៨៤១.៩០ក្រាម។
ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕