អគ្គិភ័យឆាបឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ នៅតាមបណ្តោយផ្លូវជាតិលេខ២ បានរលត់ទាំងស្រុងហើយ នៅភ្នំពេញ

ភ្នំពេញ ៖ អគ្គិភ័យនេះ បានឆាបឆេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ នៅក្បែរប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលើ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អគ្គិភ័យដែលបានឆាបឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ នៅតាមបណ្តោយផ្លូវជាតិលេខ២ បានរលត់ទាំងស្រុងហើយ ដោយក្នុងនោះ ពលរដ្ឋនៅក្បែរកន្លែងកើតហេតុឃើញហេតុការណ៍បានបញ្ជាក់ប្រាប់ថា មុនកើតហេតុ មានមនុស្សមួយក្រុមទៅតខ្សែកាប លុះមិនបានប៉ុន្មានផង ក៏មានជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ហើយក្រុមអ្នកតខ្សែកាបទាំងនោះ ក៏នាំគ្នាឡើងរថយន្តបើកចេញពីកន្លែងកើតហេតុតែម្តង ។

សមត្ថកិច្ចប្រើប្រាស់រថយន្តអស់តែ១គ្រឿងប៉ុណ្ណោះក្នុងការបាញ់ទឹកពន្លត់អណ្តាតភ្លើង ដោយមិនមានការរាលដាលដល់លំនៅឋានពលរដ្ឋដែលនៅជាប់នោះឡើយ ហើយក៏មិនបណ្តាលអោយមនុស្សណាម្នាក់ រងរបួសផងដែរ ។ នគរបាលជំនាញ កំពុងធ្វើការពិនិត្យជុំវិញការឆាបឆេះ ថាតើបណ្តាលមកពីឆ្លងចរន្ត ឬមកពីការតខ្សែកាបរបស់មនុស្សមួយក្រុម ដូចដែលពលរដ្ឋជិតខាងបានលើកឡើង៕

អត្ថបទដែលជាប់ទាក់ទង