រថយន្តស៊េរីទំនើបម៉ាសឺដេស បុកជាមួយម៉ូតូស្គូពីបណ្ដាលឱ្យមន្ត្រីប៉ូលិសម្នាក់ស្លាប់ភ្លាប់ៗ និងម្នាក់ទៀតរងរបូតធ្ងន់
ភ្នំពេញ ៖ រថយន្តស៊េរីទំនើប ម៉ាសឺដេស មួយគ្រឿង បានបុកជាមួយម៉ូតូហុងដាស្គូពីមួយគ្រឿងទៀត បណ្ដាលឲ្យមន្ត្រីនគរបាលម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និងបុរសជាជាងកាត់សក់ម្នាក់ទៀតរងរបួសធ្ងន់ រួចរថយន្តបង្កបើកគេចខ្លួនបាត់ កាលពីវេលាម៉ោង៣ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ ២០២២ត្រង់ចំណុចស្តុបផ្សារដេប៉ូ តាមបណ្តោយផ្លូវ២១៥កែងនិងផ្លូវ១៨២(វិថី ឧកញ៉ាទេពផន)ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជួន ច័ន្ទសុផារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តី នគរបាលជាតិ ឋានន្តរស័ក្តិ ព្រិិន្ទបាលទោ មានស្រុកកំណើតនៅភូមិក្រាំងបន្ទាយ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ រីឯជនរងរបួសរបួសធ្ងន់ មានឈ្មោះ ម៉ុក ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់រស់នៅភូមិកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។អ្នកទាំងពីរជិះម៉ូតូម៉ាកស្គូពីពណ៌សពាក់ស្លាកលេខភ្នំពេញ1BN.0345 ។
ចំណែកឯរថយន្ត ម៉ាកម៉ាសឺដេស មេប៊ាំង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BF.8898 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណបានបើករត់បាត់។
តាមសាក្សីដែលឃើញហេតុការណ៍បាន ប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញម៉ូតូស្គូពីជិះគ្នាពីរនាក់តាមបណ្ដោយផ្លូវ១៨២វិថីឧកញ៉ាទេពផន ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុកខាងលើក៏ស្រាប់តែមានរថយន្តស៊េរីទំនើប ម៉ាកសឺដេស បើកតាមបណ្ដោយផ្លូវ២១៥ទិសដៅពីជើងមកត្បូងយ៉ាងលឿនដូចគ្នាបានមកបុកពេញទំហឹងចំហៀងខាងស្ដាំកង់ខាងក្រោយបណ្ដាលឲ្យដាច់កង់និងម៉ាស៊ីនចេញពីគ្នានិងរងរបួសធ្ងន់ម្នាក់នឹងស្លាប់ម្នាក់នៅកន្លែងកើតហេតុភ្លាមៗរថយន្តបន្ថែមល្បឿនបើករត់ ខណៈពេលនោះក៏មានសាច់ញាតិខាងជនរងគ្រោះដេញតាមថត បានស្លាកលេខរថយន្តយកមកឱ្យសមត្ថកិច្ចដើម្បីជួយស្រាវជ្រាវតាមរករថយន្តបង្កយកមកដោះស្រាយតាមច្បាប់ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកផ្ដន្ទាទោសនៅពេលក្រោយ ។
ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕