អនុសាខាកាកបាទក្រហមខណ្ឌ ៧មករា បន្តផ្តល់អំណោយមនុស្សធម៍ ជូនប្រជាពលរដ្ឋជួបជីវភាពខ្វះខាត ចំនួន ១០០ គ្រួសារ មកពី សង្កាត់មនោរម្យ និង សង្កាត់អូឬស្សី២ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ
នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២២នេះ នៅក្នុងបរិវេណវិទ្យាល័យបាក់ទូក បានរៀបចំពីធីសំណេះ សំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង សរុបចំនួន ១០០គ្រួសារ ដែលមកសង្កាត់មនោរម្យ ចំនួន ៥០គ្រួសារ និង សង្កាត់អូរឬស្សីទី២ ចំនួន ៥០គ្រួសារ ដឹកនាំដោយ លោក ថេង សុថុល អភិបាល នៃគណៈភិបាលខណ្ឌ៧មករា និង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និងលោកជំទាវបណ្ឌិត ឡាវរ៉ូភិនយ៉ូ សាក់សិនថាន់ លោក លោកស្រី អភិបាលរង ខណ្ឌ៧មករា សមាជិក សមាជិកា អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា លោក នាយក នាយករង រដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធានការិល័យចំណុះទាំង១១ លោក លោកស្រីចៅសង្កាត់ទាំង៨ ។
ជាកិច្ចចាប់ផ្តើម លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាល ខណ្ឌ៧មករា និងជាប្រធានគណៈកម្មការអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបស្តីពី វឌ្ឍនភាពលើវិស័យមនុស្សធម៌ នៃការផ្តល់អំណោយ របស់អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាសជរាគ្មានទីពឹង កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងប្រគេនទេយ្យវត្ថុទៅវត្តទាំង៣ បានចំនួន ៧លើក រួមទាំងទទួលទេយ្យទាន ១លើក ផងដែរ ។
បន្ទាប់មក លោក ថេង សុថុល អភិបាល នៃគណៈភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ក៍បានធ្វើការកោតសរសើរដល់សកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ដែលបានផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតកន្លងមក និង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ ៖ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ជាមួយគ្នានេះ លោកអភិបាល ក៏សូមឱ្យគ្រួសារទាំងអស់មេត្តាខិតខំថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តវិធានការបង្ការ និងការពារខ្លួនពីជំងឺកូវីដ-១៩ និងជំងឺ អុតស្វា តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖
– អង្ករ ១បាវ = ២៥ គីឡូក្រាម , ឃីត ១កញ្ចប់ , មី ១កេស , ទឹកសុទ្ធ ១កេស និងថវិកា ២ម៉ឺនរៀល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ៕