លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ដុះស្លែនិងបក្សពួកសហការគ្នាប្រព្រឹត្តអំពើពុករលួយខ្លាំងជាងមុន លោក ស្នងការនគរបាលខេត្តស្វាយរៀង សម្ងំស្ងាត់ឈឹង

បើតាមមន្ត្រីនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញទាំងធំទាំងតូច នៅតែសម្រុកនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក ហើយជាប្រភពចំណូលរបស់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ផងដែរ។ កាលដែលលោក គង់ ណារិន្ទ ហ៊ានប្រើអំណាច និងតួនាទីប្រមូលលុយតាមរបៀបពុករលួយច្រើនឆ្នាំកន្លងទៅនេះគឺដោយសារអាងមានខ្នងបង្អែករឹងមាំ ហើយមានការបែងចែកផលប្រយោជន៍ជាប្រចាំ។ ជាក់ស្ដែងលោក ស្នងការនគរបាលខេត្តស្វាយរៀង សម្ងំស្ងាត់ឈឹងបើទោះបីរឿងអាស្រូវពុករលួយរបស់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីបុសមន ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ក៏ដោយ។

មន្ត្រីនៅច្រកបុសមន បានឲ្យដឹងទៀតថា ឈ្មួញធំដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកនេះសុទ្ធតែមានទំនាក់ទំនងជាមួយលោក គង់ ណារិន្ទ ដើម្បីឲ្យអាជីវកម្មរបស់ពួកគេអាចដំណើរការយ៉ាងរលូន។ ឈ្មួញទាំងធំទាំងតូចគ្មានអ្នកណាអាចរំលងលោក គង់ ណារិន្ទ បានទេ គឺត្រូវបង់លុយតាមការកំណត់របស់លោក គង់ ណារិន្ទ ព្រោះលោក គង់ ណារិន្ទ មានអំណាចខ្លាំងជាងគេក្នុងការបើកបារ៉ាស់ច្រកព្រំដែនឲ្យឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់។ ជាងនេះទៅទៀតអំពើពុករលួយរបស់លោក គង់ ណារិន្ទ អាចប្រព្រឹត្តយ៉ាងរលូនគឺមានកិច្ចសហការពីសំណាក់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ដែលល្បីល្បាញខាងពុករលួយផងដែរ។

ប្រភពដែលស្និទ្ធនឹងលោក គង់ ណារិន្ទ បានឲ្យដឹងថា បើគ្មានខ្នងបង្អែករឹងមាំទេនោះ គឺលោក គង់ ណារិន្ទ មិនអាចរក្សាតំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីបុសមន បានយូរអង្វែងរហូតមកដល់ពេលនេះឡើយ។រហូតមកដល់អំឡុងខែឧសភា ឆ្នាំ2022 នេះឈ្មួញសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ដូច្នេះក្នុងមួយថ្ងៃៗលោក គង់ ណារិន្ទ អាចប្រមូលលុយលើតុក្រោមតុបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជុំវិញបញ្ហាខាងលើនេះថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យឡើងវិញខ្លះផង ព្រោះរឿងអាស្រូវ និងអំពើពុករលួយរបស់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ៕

អត្ថបទដែលជាប់ទាក់ទង