ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជេីញប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកិត្តិយស និងកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ!

ទីស្ដីការក្រសួងមហាផ្ទៃ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជេីញជាអធិបតីនៃពិធីប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកិត្តិយស និងការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ និងស្តាប់សេចក្តីរាយការណ៍អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រ។

ជាកិច្ចចាប់ផ្ដេីម លោកជំទាវ អ៊ុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានធ្វេីសេចក្តីរាយការណ៍អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងបន្តដោយការប្រកាសតែងតាំងលោកជំទាវ កែ សួនសុភី ជាប្រធានកិត្តិយសក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ ព្រមទាំងតែងតាំង និងកែសម្រួលសមាសភាពថ្នាក់ដឹកនាំ និងសមាជិកក្រុមកាងារយេនឌ័រក្រសួងមហាផ្ទៃមួយចំនួនទៀត។

ក្នុងឱកាសនោះ លោកជំទាវ កែ សួនសុភី សសុខា បានថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំទាំងអស់ដែលបានផ្តល់សេចក្តីទុកចិត្ត និងផ្តល់កិត្តិយសតែងតាំងលោកជំទាវ ជាប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ។ លោកជំទាវក៏បានប្រកាសប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញតួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានប្រគល់ជូនប្រកបដោយគណនេយ្យភាព ជាមួយនឹងការដាក់ចេញផែនការគន្លឹះមួយចំនួនទៀត។

អញ្ជេីញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមអបអរសាទរប្រកបដោយជំនឿចិត្តខ្ពស់ចំពោះលោកជំទាវប្រធានកិត្តិយស អនុប្រធានកិត្តិយស ព្រមទាំងសមាជិកក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ថានឹងបន្តធ្វេីឱ្យការងារយេនឌ័រក្រសួងមហាផ្ទៃសម្រេចបានសមិទ្ធផលល្អប្រសេីរបន្ថែមទៀត បន្តពីអាណត្តិនៃការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកពិធីប្រកាសនាពេលនេះថាជាឱកាសដ៏វិសេសវិសាល ដែលយើងអាចចាប់ផ្តើមស្វែងយល់អំពីគ្នា បំពេញការងាររួមគ្នា និងបន្តខិតខំប្រឹងប្រែងទាំងអស់គ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីបន្តនិរន្តរភាពការងារពីថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងខិតខំរិះរកមធ្យោបាយថ្មី វិធីសាស្ត្រថ្មី ការធ្វើឌីជីថលូបនីយកម្មការងារ ដើម្បីសម្រេចឱ្យបានស្នាដៃថ្មីៗ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានបង្ហាញការកត់សម្គាល់និងបញ្ជាក់ពីការផ្តល់អាទិភាពខ្ពស់ដល់ការអនុវត្តការងារឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដែលមានទស្សនៈវែងឆ្ងាយ អនុញ្ញាតឱ្យស្ត្រីទទួលបានសិទ្ធិមានជម្រើសក្នុងការដឹកនាំជីវិតរបស់ខ្លួន និងមានកាលានុវត្តភាព ចូលរួមប្រកបដោយសក្តានុពល ក្នុងកិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានទាញចំណាប់អារម្មណ៍អង្គពិធីប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលកាលពីពេលថ្មីៗនេះ បានថ្លែងក្នុងពិធីបើកមហាសន្និបាត មិត្តកាយរិទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។

ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ក្នុងនោះ ឯកឧត្តមបានស្នេីលោកជំទាវប្រធានកិត្តិយស អនុប្រធានកិត្តិយស ប្រធានក្រុមការងារយេនឌ័រ និងថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ ដែលទើប ប្រកាសតែងតាំងនៅថ្ងៃនេះ ប្រជុំពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយបញ្ហាប្រឈមនានា ដោយក្នុងករណីមិនអាចរកដំណោះស្រាយបាន សូមរាយការណ៍មកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕

 

អត្ថបទដែលជាប់ទាក់ទង