នៅរសៀលថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ពៈ ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំពិធីប្រគល់-ទទួលអំណោយពីសប្បុរសជននានានៅក្នុងខេត្ត ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅសាលប្រជុំនៃទីស្នាក់ការរបស់សាខា។ សូមបញ្ជាក់ថា សប្បុរសជនដែលបានអញ្ជើញចូលរួមមាន ៖ កងកម្លាំងប្រដាប់អាវុធទាំង៣ ,មន្ទីរ-អង្គភាពជុំវិញខេត្ត និងអង្គភាពក្រុង-ស្រុកទាំង១៣នៅទូទាំងខេត្ត សរុបប្រមាណជាង ៥០នាក់ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បាននាំមកការនូវការផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាដែលជាសប្បុរសជនទាំងអស់ដោយសេចក្តីរឭកក្រៃលែង។ ជាមួយគ្នានេះផងដែរឯកឧត្តមប្រធាន ក្នុងនាមសមាជិកសមាជិកានៃគណៈកម្មាធិការសាខាទាំងអស់ សូមសម្តែងនូវសេចក្តីអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមថ្លែងនូវការកោតសរសើរចំពោះសប្បុរសជនទាំងអស់ ដែលបានអញ្ជើញចូលរួម ព្រមទាំងបានជួយឧបត្ថម្ភនូវអំណោយដ៏ថ្លៃថ្លាជាថវិកា និងជាសម្ភារស្បៀងអាហារ យកមកប្រគល់ជូនដល់សាខាខេត្ត នាឱកាសនេះជាអនេកប្បការ។ ឯកឧត្តមគណៈអធិបតី បានសន្យាថា សាខានឹងនាំយកអំណោយទាំងអស់នេះ ទៅប្រើប្រាស់ឲ្យចំទិសដៅ ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ដើម្បីជួយសម្រាលនូវការលំបាករបស់បងប្អូនប្រជាពលរដ្ដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុត នៅក្នុងភូមិសាស្ត្ររបា់ខេត្ត ជាពិសេសគឺយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាពទាំង៤របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ឲ្យមានតម្លាភាព គណនេយ្យភាព និងត្រឹមត្រូវជាទីបំផុត ។
អំណោយមនុស្សធម៌ដែលសាខាបានទទួលពីសប្បុរសជននាខណៈនេះរួមមាន៖ ថវិកាសរុបចំនួន ៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងអង្ករ ចំនួន ៣តោន៕