លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំចង្អៀត ជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដែលសមាសភាពចូលរួមមានលោកមេបញ្ជាការរងទទួលជំនាញ នាយសេនាធិការ ប្រធាន-អនុប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នាយការិយាល័យប្រឆាំងគ្រឿងញៀន នាយការិយាល័យព្រហ្មទណ្ឌ និងនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងសំដៅបង្កើនការរក្សាសន្តិសុខជូនប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យមានសុវត្តិភាពខ្ពស់បំផុត និងជម្រុញការផ្សព្វផ្សាយលេខទូរស័ព្ទបន្ទាន់១២៩១ ដែលមានអាវុធហត្ថរាជធានីភ្នំពេញរងចាំទទួលនិងចេញអន្តរាគមន៍ ២៤/២៤ ម៉ោង។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា កិច្ចការចំពោះមុខដែលជំនាញត្រូវយកចិត្តទុកដាក់បំផុត គឺការបង្រ្កាបបទល្មើសគ្រឿងញៀនជាអាទិភាព ចោរលួច ចោរឆក់ ក៏ដូចជាបទល្មើសផ្សេងៗទៀត ដែលបង្កចលាចលដល់សង្គម។ លោកបន្ថែមទៀតថាដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការបង្ក្រាបបទល្មើសទាំងនេះ បានទាន់ពេលវេលា កម្លាំងជំនាញទាំងអស់ត្រូវជម្រុញការស្វែងរកនិងទទួលព័ត៌មានឲ្យបានឆាប់រហ័សតាមរយៈការទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ជាពិសេសជម្រុញការផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់២៤/២៤ម៉ោង គឺលេខ១២៩១ ដល់ប្រជាពលរដ្ឋបានជ្រួតជ្រាបឲ្យកាន់តែច្រើនបំផុត។