លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អំពាវនាវឱ្យមានការបរិច្ចាគបន្ថែមទៀតដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីជួយសង្គ្រោះជីវិតកុមាររាប់លាននាក់ និងបង្កើនស្មារតីសាមគ្គីភាពក្នុងសង្គមកម្ពុជា
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យមានការបរិច្ចាគច្រើនបន្ថែមទៀត និងបានលើកទឹកចិត្ត មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារដ៏មានសារៈសំខាន់នេះ ថែមទៀត ដើម្បីចូលរួមកសាង និងអភិវឌ្ឍមូលធនមនុស្ស ជាពិសេសកុមារ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសកម្ពុជា ស្របតាមពាក្យស្លោក “ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា”។
ការអំពាវនាវរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនិរ័ត្ន បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ នាទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងកិច្ចប្រជុំនោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពអរគុណយ៉ាងជ្រាលជ្រៅជូនដល់គ្រប់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងសាធារណជនទាំងអស់ ដែលបានចូលរួមបរិច្ចាគទាំងថវិកា និងសម្ភារបរិក្ខារនានាជូនមូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា និងបានវាយតម្លៃខ្ពង់លើការខិតខំប្រឹងប្រែងបំពេញការងាររបស់មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីពិនិត្យ ព្យាបាល និងសង្គ្រោះ កុមារកម្ពុជារាប់លាននាក់រហូតមកដល់បច្ចុប្បន្ននេះ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ការចូលរួមបរិច្ចាគ និងការលើកស្ទួយស្មារតី “ខ្មែរជួយខ្មែរ” ឱ្យបានកាន់តែទូលំទូលាយ នឹងមិនត្រឹមតែជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់នោះទេ ថែមទាំងបង្កើនស្មារតីសាមគ្គីភាពក្នុងសង្គមកម្ពុជាឱ្យកាន់តែរឹងមាំ ក្រោមម្លប់នៃសុខសន្តិភាព។
យោងតាមរបាយការណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ មូលនិធិគន្ធបុប្ផាកម្ពុជា មានចំណូលសរុបចំនួនប្រមាណ ២១,០៨ លានដុល្លារ ដែលទទួលបានមកពីប្រភពនានា ដូចជា÷ វិភាគទានរបស់រាជរដ្ឋាភិបាល, ការកាត់កម្រៃពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ, វិភាគទានរបស់កាកបាទក្រហម និងវិភាគទានរបស់សប្បុរសជនទូទៅ។ បើប្រៀបធៀបនឹងឆ្នាំ២០២២, ថវិកាបរិច្ចាគដែលមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានមានការកើនឡើង ១៣% និងទទួលបានសមាជិកសរុប ចំនួនប្រមាណ ២៧១ ៧០២ នាក់។ ជាមួយគ្នានេះ, មូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ទេរថវិកាជូនមន្ទីរពេទ្យចំនួនប្រមាណ ៣, ៥៨ លានដុល្លារ ផងដែរ។
របាយការណ៍ ក៏បានឱ្យដឹងទៀតថា មូលនិធិគន្ធបុប្ផាកម្ពុជា បាននិងបន្តការខិតខំអំពាវនាវដើម្បីកៀរគរថវិកាបរិច្ចាគពីសមាជិកបច្ចុប្បន្ន ព្រមទាំងបំផុសការបរិច្ចាគពីសប្បុរសជនទូទៅបន្ថែមទៀត តាមរយៈសកម្មភាពផ្សេងៗ និងយុទ្ធនាការជាច្រើនទៀត ដោយមានកិច្ចសហការពីបណ្តាក្រសួង ស្ថាប័ន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជន។
ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប បានចំណាយថវិកាសរុបប្រមាណ ៤០,៧១៥ លានដុល្លារ ដើម្បីបន្តបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ លើករណីសំខាន់ៗ រួមមាន÷ អ្នកជំងឺកុមារមកពិគ្រោះ និង ព្យាបាលនៅផ្នែកចំនួន ៨៩៩ ៦៩២ ករណី, កុមារបានចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៨៤ ០៥៥ នាក់, ស្ត្រីមានផ្ទៃពោះបានពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) ចំនួន ១០៨ ៧១៩ ករណី និងសម្រាលកូនបានចំនួន ២១ ៦៤៤ នាក់, ជំងឺគ្រុនឈាមធ្ងន់ធ្ងរចំនួន ១៦១៦០ នាក់, វះកាត់ សរុបចំនួន ២៧ ៧០០ នាក់, កុមារមានជំងឺបេះដូងពីកំណើតត្រូវបានវះកាត់បេះដូង និងអន្តរាគមន៍ឆ្លុះភ្លែតសរសៃបេះដូងចំនួន ៩៤៩ នាក់៕