វឌ្ឍនភាពគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន១០,៥០% លើសផែនការ ១,០៣%
គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន១០,៥០%ហើយ លើសផែនការ១,០៣% បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
បច្ចុប្បន្ននេះសសរគ្រឹះចំនួន២៤ដើម បានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេនេះ មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕