ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អំណោយគ្រឿងឧបភោគ បរិភោគ និងសម្ភារ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីឧបត្ថម្ភគាំទ្រដល់បេសកកម្មរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចាត់ឱ្យនាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារ មកប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីឧបត្ថម្ភគាំទ្រដល់បេសកកម្មរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។
ពិធីប្រគល់ទទួលសម្ភារៈខាងលើនេះ ត្រូវបានធ្វើឡើងនៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត និងប្រតិភូក្រសួងមហាផ្ទៃមួយចំនួនទៀត។
គ្រឿងឧបភោគ បរិភោគ និងសម្ភារៈ ដែលត្រូវប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ រួមមាន៖ អង្ករ៧តោន ត្រីខ៤០កេសធំ មី៣៥កេសធំ អាវភ្លៀង១០០កំប្លេរ និងតង់ធំ១ គិតជាទឹកប្រាក់សរុប ៤០លានរៀល។