អភិបាលខេត្តកំពង់ចាម ទទួលអំណោយពីមន្ទីរអង្គភាព និងសប្បុរសជន ដែលបានចូលរួមគាំទ្រដល់ការរៀបចំពិធីប្រណាំងទូក « ង »
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញទទួលអំណោយជាសម្ភារៈ ស្បៀងអាហារ និងថវិកា ពីមន្ទីរអង្គភាព និងសប្បុរសជននានា ដែលបានចូលរួមគាំទ្រការរៀបចំពិធីប្រណាំងទូក « ង » នៅក្រុងកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ទីរអង្គភាព ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ គ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗដល់គណៈកម្មការខេត្តរៀបចំពិធីប្រណាំងទូក នៅខេត្តកំពង់ចាម ដើម្បី ផ្តល់លទ្ធភាពដល់គណៈកម្មការខេត្ត ក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធី ប្រណាំទូក នៅក្រុងកំពង់ចាម ឲ្យទទួលលទ្ធផលល្អប្រសើរផងដែរ ។
គួរបញ្ជាក់ថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាស សប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃបុណ្យចេញព្រះវស្សា រយះពេល ពេញ១ថ្ងៃ នៅវេទិកាអុំទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលនៅពេលរាត្រី មានការរៀបចំបណ្តែតប្រទីប និងអុចកាំជ្រួច។ ព្រមជាមួយការតាំងពិព័រណ៍សមិទ្ធផលរបស់ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត, ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្ត្រីខ្នាតធំ មា នរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦- ១៨ ខែតុលា ឆ្នាំ២០២៤នេះ ៕