ACU និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន ជួបពិភាក្សាគ្នា និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារប្រឆាំងអំពើពុករលួយ
(ភ្នំពេញ)៖ លោក Lei gang សមាជិកអចិន្រ្តៃយ៍នៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន ប្រទេសចិន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូប្រទេសចិនចំនួន៤រូប អញ្ជើញទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ កម្ពុជា (ACU)។
ពិធីនេះមានការទទួលការស្វាគមន៍ពីសំណាក់លោក យន់ ស៊ីណាត អនុប្រធានអង្គភាពប្រឆាំងអពើពុករលួយ តំណាងកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកលោក ជា សំអាត អគ្គនាយកប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីខេត្តយូណាន ប្រទេសចិន។
នៅក្នុងជំនួបពិភាក្សាការងារនេះ លោក ជា សំអាត បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយមានបេសកកម្មប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសកម្ពុជា តាមរយៈវិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់ បង្រ្កាបបទល្មើសពុករលួយដោយមានការចូលរួមពីសាធារណៈជន និងប្រតិបត្តិបការ។
លើសពីនេះលោកលើកឡើងពីរចនាសម្ព័ន្ធរបស់អង្គភាពប្រឆាំងអំពើពុករលួយ ជូនដល់សមាជិកអចិន្រ្តៃយ៍នៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន ផងដែរ។
លោក Lei gang សមាជិកអចិន្រ្តៃយ៍នៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន បានបង្ហាញក្តីរំភើបរីករាយដែលទទួលបានការចែករំលែកនូវបទពិសោធន៍ពីមន្ត្រីជំនាញរបស់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា។
លោក Lei gang បានបន្តថា គណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាននឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយភាគីកម្ពុជា។
គួរបញ្ជាក់ដែរថា គណៈប្រតិភូខេត្តយូណាននៃប្រទេសចិន បានមកបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងសំខាន់ៗចំនួន៤រួមមាន៖
ទី១៖ ចែករំលែកបទពិសោធន៍របស់ប្រទេសចិន និងខេត្តយូណាន ក្នុងការត្រួតពិនិត្យ រដ្ឋាភិបាលស្អាតស្អំ និងការធ្វើនវានវត្តន៍ប្រព័ន្ធគ្រប់គ្រង
ទី២៖ ផ្លាស់ប្តូរស៊ីជម្រៅជាមួយនាយកដ្ឋាន ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំរបស់អង្គភាពប្រឆាំងអំពើពុករលួយ ស្វែងយល់ពីយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យស៊ីបអង្កេតករណីពុករលួយឆ្លងដែន និងការបណ្តុះបណ្តាលមន្រ្តី
ទី៣៖ ជំរុញការរៀបចំគម្រោង អំពីការសាងសង់ស្អាតស្អំ «ខ្សែរក្រវាត់ និងផ្លូវ» រួមគ្នាដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយគុណភាពខ្ពស់
និងទី៤៖ ផ្លាស់ប្តូរបទពិសោធន៍ផ្លូវការជាមួយរដ្ឋបាលថ្នាក់ខេត្ត និងមន្ទីរអធិការកិច្ច ដែលកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជាឱ្យមានភាពជិតស្និទ្ធ។
សូមរំឭកផងដែរថានេះគឺជាដំណើរទស្សនកិច្ចលើកទី៣ នៃគណៈប្រតិភូចិនខេត្តយូណាន មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញថាប្រទេសទាំងពីរនៅតែអាចបន្តរក្សាបាននូវចំណងមិត្តភាពដែកថែបដ៏រឹងមាំនេះ និងបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀតគឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»៕