បទល្មើសនេសាទកើតពេញបន្ទុកឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំលោក ផាន់ សុផុន ប្រធានស្នាក់ការបរិស្ថានបាឡតជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសាទ
ការិយាល័យផ្សព្វផ្សាយ0889846555/070926014
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្ននេះបទល្មើសនេសាទដែលមានប្រើទូកធំៗអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់នៅតែកើតឡើងយ៉ាងអនាធិតេយ្យ ព្រោះមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបឡើយ។
ផ្ទុយទៅវិញមន្ត្រីរដ្ឋបាលជលផល និងលោក ផាន់ សុផុន ប្រធានស្នាក់ការបរិស្ថានបាឡត ក្នុងឃុំពាមបាង ត្រូវបានគេដឹងថា ជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសាទកើតឡើងយ៉ាងពេញបន្ទុក ដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។
ចំណែកលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានបណ្តោយឲ្យមន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់ពាមបាង ស្រុកស្ទោង ធ្វើអ្វីៗតាមតែអំពើចិត្តទៀតផង។
ប្រជានេសាទដែលរស់នៅក្នុងឃុំពាមបាង បានឲ្យដឹងថា ក្រុមអ្នកប្រើទូកធំៗអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់ចាប់ត្រីក្នុងបឹងទន្លេសាបនៃឃុំពាមបាង គឺស្ថិតនៅក្រោមការចាត់ចែករបស់ជនជាតិយួនឈ្មោះ អេង ស៊ីចេង ដែលមានជំនាញខាងរត់ការណ៍បង់លុយឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ច។ ជនជាតិយួនឈ្មោះ អេង ស៊ីចេង នេះបានរត់ការបង់លុយឲ្យមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីឲ្យគ្នីគ្នារបស់ខ្លួនគេអាចប្រើឧបករណ៍ចាប់ត្រី ដោយមិនប្រឈមនឹងការបង្ក្រាបអ្វីឡើយ។ មានការកត់សម្គាល់ថា ចាប់តាំងពីលោក ជិន ស៊ីថា ទទួលបានតំណែងជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ជំនួសលោក ហម ហ៊ុន គឺបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបក្នុងឃុំពាមបាង បានកើតឡើងយ៉ាងពេញបន្ទុកដដែល។
ជុំវិញបញ្ហាខាងលើនេះប្រជានេសាទនៅក្នុងឃុំពាមបាង ស្រុកស្ទោង បានជំរុញឲ្យលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដែលប្រើឧបករណ៍ខុសច្បាប់នេះជាបន្ទាន់។
ប្រជានេសាទបានរិះគន់លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ថាបានបណ្តោយឲ្យមន្ត្រីរដ្ឋបាលជលលប្រចាំតំបន់បឹងទន្លេសាបនៅឃុំពាមបាង ស្រុកស្ទោង ធ្វើអ្វីៗតាមតែអំពើចិត្ត ហើយលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បែរជាពួនសម្ងំស្ងាត់ឈឹងទៅវិញ។
លើសនេះទៅទៀតវិធានការរបស់លោក ប៉ែន វណ្ណរិទ្ធ ក្នុងការបង្ក្រាបបទល្មើសនេសាទនាពេលកន្លងមកគឺជារឿងលេងសើច ឥតប្រយោជន៍ព្រោះជាក់ស្តែងបទល្មើសនេសាទបានកើតឡើងខ្លាំងជាងពេលណាៗទាំងអស់ ថែមទាំងមានភាពអនាធិបតេយ្យពេញបន្ទុក៕