បង្ក្រាបករណីបទល្មើសវិស័យទូរគមនាគមន៍ របស់ក្រុមហ៊ុនមួយឈ្មោះ «រស្មីពេជ្រ ណេត» លួចផ្តល់សេវាអ៊ិនធឺណិត និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋ បណ្តាញខ្សែកាបអុបទិកខុសច្បាប់ ប្រព្រឹត្តល្មើសជាយូរខែមកហើយ នៅខេត្តកណ្តាល

ខេត្តកណ្តាល ៖ បើតាមនិយ័តករទូរគមនាគមន៍កម្ពុជា បានសេចក្ដីប្រកាសអោយដឹងថា កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ខ.ក.) បានសហការជាមួយមន្ទីរប្រៃសណីយ៍ និងទ្វរគមនាគមន៍ ខេត្តកណ្តាល ក្រោមកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល កងកម្លាំង សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានធ្វើប្រតិបត្តិការ ចុះបង្ក្រាបក្រុមហ៊ុន រស្មីពេជ្រ ណេត ដែលបានធ្វើសកម្មភាពសាងសង់ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិក និងផ្តល់សេវាអ៊ីនធើណិត ដោយគ្មានអាជ្ញាបណ្ណ និងផ្ដាច់មុខ នៅក្នុងបុរី អិល វ៉ីលេចធ៍ វ៉េស៊ីដេន ដែលមានទីតាំង ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្តឹងជាច្រើន ពីប្រជាពលរដ្ឋ ។

សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបករណីបទល្មើសវិស័យទូរគមនាគមន៍ របស់ក្រុមហ៊ុនមួយឈ្មោះ «រស្មីពេជ្រ ណេត» មានទីតាំងស្ថិតនៅផ្ទះ E5 ផ្លូវ L11 ភូមិ-សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានលួចផ្តល់សេវាអ៊ិនធឺណិត និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋ បណ្តាញខ្សែកាបអុបទិកខុសច្បាប់ ប្រព្រឹត្តល្មើសជាយូរខែមកហើយ ក្នុងនោះមន្ត្រីជំនាញត្រួតពិនិត្យ រកឃើញក្រុមហ៊ុនមួយនេះ មិនមានអាជ្ញាបណ្ណ លិខិតអនុញ្ញាត ឬវិញ្ញាបនបត្រពី និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) នោះទេ ។
នៅក្នុងការចុះបង្ក្រាបនេះ ន.ទ.ក. បានរឹបអូសគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ មួយចំនួនធំ និងបានបិទទីតាំង ក្រុមហ៊ុនជាបណ្តោះអាសន្ន ដោយរង់ចាំចំណាត់ការជាបន្ត ទៅតាមនីតិវិធីច្បាប់។
ជាថ្មីម្តងទៀត ន.ទ.ក. សូមណែនាំដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងម្ចាស់អគារសហកម្មសិទ្ធិ ព្រមទាំង ម្ចាស់បុរីទាំងអស់ថា ក្រុមហ៊ុន និងម្ចាស់អគារ ក៏ដូចជាម្ចាស់បុរី មិនត្រូវចុះកិច្ចសន្យាផ្តាច់មុខ ឬសហការជាមួយក្រុមហ៊ុន ដែលគ្មានអាជ្ញាបណ្ណពី ន.ទ.ក. ក្នុងការផ្តល់សេវាអ៊ីនធឺណិត នៅទីតាំងរបស់ខ្លួនឡើយ។ ន.ទ.ក. សូមក្រើនរម្លឹកដល់បណ្តាប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ មិនត្រូវសហការ ឬផ្តល់សេវាលក់ដុំអ៊ីនធឺណិត ដល់ក្រុមហ៊ុន ដែលគ្មានអាជ្ញាបណ្ណពី ន.ទ.ក. ជាដាច់ខាត។ ក្នុងករណី ន.ទ.ក. រកឃើញថា ប្រតិបត្តិករទូរគមនាគមន៍ នៅតែបន្តសកម្មភាពនេះ ន.ទ.ក. នឹងចាត់វិធានការ តាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ដោយគ្មានការលើកលែង។ ទន្ទឹមនឹងនេះដែរ ន.ទ.ក. សូមដាស់តឿនដល់ ក្រុមហ៊ុន ដែលគ្មានអាជ្ញាបណ្ណពី ន.ទ.ក. ឱ្យបញ្ឈប់សកម្មភាពអាជីវកម្ម យ៉ាង អនាធិបតេយ្យរបស់ខ្លួនជាបន្ទាន់ ព្រោះ ន.ទ.ក. នឹងបន្តសកម្មភាពបង្ក្រាប និងចាត់វិធានការផ្តន្ទាទោស ចំពោះក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធនឹងសកម្មភាពរបស់ ក្រុមហ៊ុនទាំងនេះ ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់សាធារណៈ ការប្រកួតប្រជែង ដោយស្មោះត្រង់ និងផលប្រយោជន៍អ្នកប្រើប្រាស់។ អាស្រ័យហេតុនេះ សូមប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនទាំងអស់ មេត្តាជ្រាបនិងចូលរួមសហការ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង