រកឃើញសំបុកពងកូនរបស់សត្វក្រៀល ចំនួន២សំបុក គឺសំបុកទី១ ដែលបានរកឃើញ មានកូនចំនួន ២ក្បាល ដែល មាន អាយុ ៤ ថ្ងៃ និងសំបុកទី២ មានកូនចំនួន ២ ក្បាល មានអាយុប្រមាណ ៣០ ថ្ងៃ នៅរតនៈគិរី
ភ្នំពេញ៖ នៅក្នុងខែកញ្ញា ឆ្នាំ២០២២ នេះ តាមរយៈការអភិរក្ស ក៏ដូចជា ការការពារសត្វស្លាប នោះ អង្គការជីវិតធម្មជាតិ នៅកម្ពុជា(NatureLife Cambodia) បានឱ្យដឹងថា ក្រុមការងារ បានរកឃើញសំបុកពងកូនរបស់សត្វក្រៀល ចំនួន២សំបុក គឺសំបុកទី១ ដែលបានរកឃើញ មានកូនចំនួន ២ក្បាល ដែល មាន អាយុ ៤ ថ្ងៃ និងសំបុកទី២ មានកូនចំនួន ២ ក្បាល មានអាយុប្រមាណ ៣០ ថ្ងៃ។
ប្រភពដដែលនេះ បានបញ្ជាក់ថាៈ កាលពីដើមខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះ ក្រុមការងាររបស់អង្គការមួយនេះ ក៏បានរកឃើញសំបុកពងកូនរបស់ សត្វក្រៀល ចំនួន១សំបុកផងដែរ ប៉ុន្តែគួរឱ្យសោកស្តាយ សំបុកដែលបានរកឃើញនោះ ត្រូវបានបំផ្លាញ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងដែរថា “សំរាប់រដូវពងកូន ឆ្នាំ២០២២ យើងបានរកឃើញសំបុកពងកូនរបស់សត្វក្រៀល ចំនួន ៣ សំបុក ហើយគិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា ដែលនេះបង្ហាញថា ដែនជម្រកសត្វព្រៃលំផាត់ គឺដើរតួយ៉ាងសំខាន់ សម្រាប់គាំទ្រដល់ការរស់នៅ និងការបន្តពូជរបស់ប្រភេទសត្វកម្រជិតផុតពូជនេះ។ សូមចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ទាំងអស់គ្នា” ។
គួរបញ្ជាក់ថា សត្វក្រៀល ជាបក្សីដែលកំពុងរងគ្រោះ ជាទូទៅ ជិតផុតពូជបំផុត បាននិងកំពុងមានវត្តមាន នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី។ រដូវវស្សា ជារដូវបន្តពូជរបស់សត្វក្រៀល ក្រុមការងារជីវចម្រុះអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានចុះអង្កេតតាមដានស្វែងរកសំបុកពងកូន របស់ពួកគេ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ តាមវិធីសាស្រ្ត និងកាលវិភាគ ដែលបានចែង ក្នុងពិធីសារអង្កេតតាមដាន៕
◊