ចាប់អារម្មណ៍មុននេះ នៅលើបណ្តាញសង្គម បន្ទាប់ពីតារាសម្តែង សឿ សុធារ៉ា បានបង្ហោះសារសារភាពស្នេហ៍ទៅកាន់តារាចម្រៀង ដួង វីរៈសិទ្ធិ

ភ្នំពេញ៖ តារាចម្រៀងរូបនេះ បានបញ្ជាក់ហើយជុំវិញទំនាក់ទំនងរវាងលោក និងតារាសម្តែងមេម៉ាកូន២រូបនេះ។

តារាចម្រៀង ប្រចាំផលិតកម្មរាម លោក ដួង វីរៈសិទ្ធិ បានប្រឡូកក្នុងអាជីពសិល្បៈជាង១០ឆ្នាំកន្លងមកហើយ ប៉ុន្តែលោកមិនដែលលេចចេញរឿងរ៉ាវស្នេហាណាមួយជាសាធារណៈឡើយ។ លោកត្រូវបានគេចាត់ទុកថាជាសិល្បករមានអត្តចរិកសុភាពរាបសារ ការរៀបចំខ្លួនបែបសុភាពថ្លៃថ្នូរ និងមិននិយមនិយាយច្រើនដែលងាយនឹងធ្វើឲ្យនារីជាច្រើនបាក់ចិត្តស្រលាញ់នឹងទឹកមុខញញឹមស្រទន់របស់លោក។

ខណៈដែលអ្នកនាង សឿ សុធារ៉ា បានបែកបាក់ចំណងស្នេហាជាមួយនឹងលោក សាពូន មីដាដា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីកន្លងទៅធ្លាប់លេចលឺពីរឿងរ៉ាវស្នេហាប្រះស្រាំនេះជាច្រើនលើកច្រើនសារកន្លងមកហើយ។ គេចាំបានថាជាច្រើនលើកច្រើនសា កន្លងមកហើយដែលតារាសម្តែងមេម៉ាយកូន២ អ្នកនាង សឿ សុធារ៉ា បានប្រកាសសារភាពស្នេហ៍ទៅកាន់កម្លោះសង្ហាតារាចម្រៀង ដួង វីរៈសិទ្ធិ ជាសាធារណៈតាមបណ្តាញសង្គម។ បើទោះបីជាធ្លាប់រងការរិះគន់ខ្លាំងរួចហើយក៏ដោយពីអ្នកលេងបណ្តាញសង្គមក៏សារមួយចំនួនត្រូវបាននាងបញ្ចេញជាថ្មី។ ការបញ្ចេញអារម្មណ៍តាមបណ្តាញសង្គមច្រើនដងពេលនេះ លោក ដួង វីរៈសិទ្ធិ បានបញ្ជាក់ច្បាស់ៗហើយជុំវិញបញ្ហា នេះដែលស្តាប់ហើយអាចឲ្យសឿ សុធារ៉ាគាំងស្តីលែងចេញក៏ថាបាន។ លោកលើកឡើងថា មិនធ្លាប់មានទំនាក់ទំនងណាមួយជាមួយអ្នកនាង សឿ សុធារ៉ា សូម្បីតែបន្តិច ហើយលោកធ្លាប់បានជួបអ្នកនាង សឿសុធារ៉ាតែម្តងប៉ុណ្ណោះក្នុងការថតភាពយន្តមួយ។ លោកបដិសេធមិនទទួលយកស្នេហាពីនារីណាម្នាក់ឡើយ ហើយបើទោះបីជាពេលនេះលោកមិនទាន់មានមនុស្សដែលខ្លួនស្រលាញ់ពេញចិត្តក៏ដោយ ហើយលោកក៏ស្នើឲ្យអ្នកនាង សឿ សុធារ៉ា បញ្ចប់ការបញ្ចេញសារបែបនេះដែលនាំឲ្យប៉ះពាល់កិត្តិយសទាំងសងខាង និងនាំឲ្យមានការយល់ច្រឡំ។ លោកថាបេះដូងនៅជាប់នឹងសិល្បៈមិនមានជាប់ពាក់ព័ន្ធ នឹងនារីណាម្នាក់ឡើយហើយលោករំពឹងថារឿងនេះនឹងស្ងប់ស្ងាត់ក្រោយការបញ្ជាក់មួយនេះ។

គួរបញ្ជាក់ផងដែរថាក្រោយប្រកាសបែកបាក់ចំណងស្នេហ៍ជាមួយស្វាមីលោក សាពូន មីដាដា មក តារាសម្តែង សឿ សុធារ៉ាបានបញ្ចេញសារចម្លែកជាច្រើនរហូតអ្នកខ្លះគិតថាអាចមិនមែនជានាងជាអ្នកកាន់កាប់បណ្តាញសង្គមហ្វេសប៊ុកនោះក៏ថាបាន។ ទោះជាយ៉ាងណា សារព្រលយបង្ហាញពីអារម្មណ៍ស្នេហាទៅកាន់កម្លោះសង្ហា ដួង វីរសិទ្ធិ ហាក់មិនមែនជាការលេងសើចឡើយ ត្បិតមុននេះនាងក៏ធ្លាប់ទាំងបញ្ចេញសារអំពីការចេញពីផ្ទះទាំងភ្លៀងស្កាត់ទៅមើលការប្រគំតន្ត្រីរបស់តារាចម្រៀងរូបនេះទាំងភ្លៀងសស្រិចថែមទៀតផង ប៉ុន្តែមិនទទួលបានការស្វាគមន៍ណាមួយពីលោកដួង វីរសិទ្ធិឡើយ៕

អត្ថបទដែលជាប់ទាក់ទង