លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងមកដល់កម្ពុជា នៅពេលបន្តិចទៀតនេះ ដេីម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកសហរដ្ឋអាមេរិកលេីកទី១០ ។
លោកប្រធានាធិបតីអាមេរិកនឹងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោផងដែរ។
សូមបញ្ជាក់ថា ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន កម្ពុជាទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា។
ឆ្នាំ២០២២នេះ គឺជាលើកទី៣ហើយ ដែលកម្ពុជាក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន និងទទួលភារកិច្ចរៀបចំកិច្ចប្រជុំនានា បន្ទាប់ពីក្លាយជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ កម្ពុជាបានកំណត់យកមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ កម្ពុជាប្រឈមនឹងបញ្ហាក្តៅជាច្រើន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។ បញ្ហាទាំងនោះរួមមាន៖ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនជាដើម៕