ព្រះគ្រូចៅអធិការវត្តនួនមុន្នី ប្រគល់ទេយ្យទាន ទេយ្យវត្ថុ ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ

លោក ហែម ដារិទ្ធ បានសម្តែងនូវក្តីរំភើប ចំពោះទឹកព្រះទ័យ នៃព្រះសុវេធបណ្ឌិត សុខ ប៊ុនធឿនវង្ស និងមន្ត្រីសង្ឃ ដែលបានមូលមតិធ្វើការផ្តល់នូវទេយ្យទានជាច្រើន មកកាន់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យនេះ។ លោកអភិបាលខណ្ឌ បានថ្លែងថា ការផ្តល់ជូននូវគ្រឿងឧបភោគបរិភោគនេះ គឺជាសកម្មភាពមនុស្សធម បង្ហាញនូវការយកចិត្តទុកដាក់ រួមចំណែកជួយដល់សង្គម និងលោកអភិបាលខណ្ឌ បានថ្លែងនូវការអរព្រះគុណចំពោះទឹកចិត្តដ៏សប្បុរសនេះ។

លោកអភិបាលខណ្ឌមានជ័យ ក៏បានថ្លែងបញ្ជាក់ផងដែរថា ទេយ្យទាននិងគ្រឿងឧបភោគបរិភោគទាំងឡាយ ដែលផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យនេះ គឺនឹងនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា កុមារកំព្រា ប្រជាពលរដ្ឋរងគ្រោះនានា ក្នុងមូលដ្ឋានខណ្ឌ។

គួរបញ្ជាក់ថា ទេយ្យទាន ដែលព្រះសុវេធបណ្ឌិត សុខ ប៊ុនធឿនវង្ស ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ រួមមាន អង្ករចំនួន ១៥០០គីឡូក្រាម, មី៥០កេស, ទឹក ត្រី៥០កេស, ទឹកសុទ្ធ ៥០កេស, ភេសជ្ជៈ ៥០កេស, ស្ករស១០០គីឡូក្រាម, ទឹកដោះគោ ២៥០កំប៉ុង, ព្រមទាំងថវិកា ចំនួន ៤លានរៀល៕

អត្ថបទដែលជាប់ទាក់ទង