លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើដល់អភិបាលរាជធានីខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់ណែនាំពង្រឹង សេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវាដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ និងដឹកសព ដែលមិនតម្រូវឲ្យបង់ថ្លៃ

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់អភិបាលរាជធានីខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់ណែនាំពង្រឹង សេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវាដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ និងដឹកសព ដែលមិនតម្រូវឲ្យបង់ថ្លៃឡើយ។

លិខិតក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងធ្លាប់បានធ្វើការណែនាំ ករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព (ស្លាប់ក្នុងមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍) ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ចរាចរណ៍ទៅកាន់លំនៅដ្ឋានសព។ កន្លងមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ក៏បានធ្វើការណែនាំដល់មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នា ពង្រឹងសេវារថយន្តសង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់អ្នករងគ្រោះថ្នាក់ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។
ក្រសួងបានបញ្ជាក់ថា «អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ យកចិត្តទុកដាក់ណែនាំឱ្យប្រធានមន្ទីរសុខាភិបាលពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តគិលានសង្គ្រោះ ដើម្បី ជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឲ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសពទៅលំនៅដ្ឋាននៃសព ដោយការទទួលខុសត្រូវខ្ពស់»៕

អត្ថបទដែលជាប់ទាក់ទង