ល្បីថា ក្នុងក្លឹបកីឡាស្នូកឃឺ អិន អេស ស៊ី ក្រោយអតីតក្រសួងដែនដី ខណ្ឌចំការមន លួចបង្កប់ល្បែងស៊ីសងខ្នាតធំដូចកាស៊ីណូ រហូតមកដល់សព្វថ្ងៃនៅមិនទាន់មានអាជ្ញាធរចុះបង្ក្រាបឡើយ
ភ្នំពេញ ៖ ប្រភពព័ត៌មានមួយបានបង្ហើបថា នៅក្នុងក្លឹបកីឡាស្នូកឃឺ អិន អេស ស៊ី តាមបណ្ដោយផ្លូវលេខ៩៥ ខាងក្រោយអតីតក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងត្របែក ខណ្ឌចំការមន លួចបង្កប់ល្បែងស៊ីសងខ្នាតធំដូចកាស៊ីណូ ដែលលួចបើកលេងជាយូរឆ្នាំមកហើយរហូតមកដល់សព្វថ្ងៃនៅមិនទាន់មានអាជ្ញាធរចុះបង្ក្រាបឡើយ ទោះបីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ដោយ។ប្រភពពីអ្នកធ្លាប់ចូលលេងក្នុងក្លឹបកីឡាស្នូកឃឺនោះបានប្រាប់ថា នៅទីនោះគឺមានគ្រប់យ៉ាងតែម្ដង តែមានលក្ខណៈតូចជាងនៅណាហ្គាបន្តិច និងត្រូវបានយាមកាមយ៉ាងតឹងរ៉ឹងពីសំណាក់សន្តិសុខ ពិសេសបញ្ហាទូរស័ព្ទឬប៊ិច គេមិនឲ្យកាន់រញ៉េរញ៉ៃឬដាក់ហោប៉ាវអាវនោះទេ។
ពាក់ព័ន្ធបញ្ហានេះ កាលពីពេលថ្មីៗនេះ ក្រុមការងារយើងបានធ្វើការទំនាក់ទំនងទៅលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន តាមប្រព័ន្ធតេឡេក្រាម ដើម្បីទទួលបានការស្រាយបំភ្លឺ តែលោកមិនឆ្លើយតបនោះទេ។ដើម្បីការពារសុវត្តិភាព និងអនុវត្តនគោលនយោបាយភូមិសង្កាត់មានសុវត្តិភាព ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ចុះស្រាវជ្រាវពិនិត្យ ឈានដល់ការបង្ក្រាបទីតាំងលួចលាក់បង្កប់ល្បែងស៊ីសងទាំងនេះ ព្រោះបទល្មើសឆក់ ប្លន់ គឹកើតចេញពីកក្តាទាំងនេះ និងបញ្ហាគ្រឿងញៀនជាដើម។សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ជាយ៉ាងដាច់ណាត់ឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ។
សម្ដេចតេជោ បានបន្ថែមថា បើមានមន្ត្រីរូបណាមានការពាក់ព័ន្ធឬកាងទីតាំងល្បែងទាំងនោះ មន្ត្រីរូបនោះនឹងប្រឈមនឹងការអស់ដំណែង ឬតួនាទី៕