«ប៉ាតេ ពុក» បង្ហាញពីគុណភាពខ្ពស់នៃម្អូបអាហារដើម្បីបម្រើដល់សុខភាពប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ
ភ្នំពេញះ ប៉ាតេ ពុក ដែលជាផលិតសាច់ប៉ាតេប្រភេទសាច់ប៉ាតេ Organic ស្របតាមកម្រិតស្តង់ដារ ISO 22000 ; 2018 ត្រូវបានបង្ហាញមុខលើទីផ្សារជាផ្លូវការ ដោយអ្នកជំនាញបានបង្ហាញពីគុណភាពខ្ពស់ អនាម័យនៃម្អូបអាហារ ដើម្បីបម្រើដល់ប្រជាពលរដ្ឋឲ្យមានសុខភាពល្អមាំមួន ខណៈម្ចាស់ក្រុមហ៊ុនថានេះជាឱកាសបានរួមចំណែកអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឲ្យប្រទេសជាតិកាន់តែរីកចម្រើនបន្ថែមទៀត។
តាមរយៈពិធីសម្ពោធជាផ្លូវការ នៅផ្សារម៉ាក្រូ រាជធានីភ្នំពេញ ដែលបានធ្វើឡើងក្រោយវត្តមានលោកឧកញ៉ា ថោង សារ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុនប៉ាតេ ពុក និងលោជំទាវ ទាវ-ធីតា, លោកឧកញ៉ា ថោង សារ៉ាត់ មានប្រសាសន៍ថា មូលហេតុដែលលោកដាក់ឈ្មោះផលិតផល ប៉ាតេពុក នេះ គឺជាការបង្ហាញនូវការដឹងគុណដ៏ធំធេងចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ហើយក្រុមហ៊ុនរបស់លោកឧកញ៉ាក៏បានខិតខំផលិតម្អូបអាហារនេះឡើង ដើម្បីឲ្យស្របទៅនឹងគោលគំនិតថាចង់ឲ្យកម្ពុជាក្លាយប្រទេសផលិត ដើម្បីប្រកួតប្រជែងក្នុងស្រុកផង និងពិភពលោកផង។
លោកឧកញ៉ា ថោង សារ៉ាត់ គូសបញ្ជាក់ថា លោកឧកញ៉ា និងលោកជំទាវកំពុងខិតខំខ្លាំងណាស់ ពីព្រោះមុខរបបធ្វើសាច់ប៉ាត់តេនេះមានការហត់នឿយណាស់ ដោយត្រូវក្រោកធ្វើតាំងពីម៉ោង២រំលងអាធ្រាតមកម្លេះ ខណៈធាតុផ្សំគឺមានតែ២មុខប៉ុណ្ណោះ គឺសាច់ និងអំបិលប៉ុណ្ណោះ ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋទទួលបាននូវម្ហូបអាហារគុណភាពល្អ សុខភាពល្អ ដោយក្មេងៗមានអាយុចាប់ពី៨ខែឡើងទៅដល់វ័យចាស់ជរា អ្នកជំងឺអាចពិសារបានទាំងអស់ហើយថែមទាំងមានកម្លាំងមាំមួន សុខភាពល្អផងដែរ។ ប្រភេទសាច់ប៉ាតេ Organic នេះគឺលំបាកធ្វើណាស់ ដោយសារមិនមានសាធាតុរក្សាការពារ មិនដាក់ថ្នាំជំនួយឲ្យស្វិត ដែលនាំឲ្យខូចសុខភាពនោះទេ។ ដូច្នេះ សាច់ប៉ាត់តេ ពុក នេះ គឺធានាថា ធម្មជាតិ ១០០% ដោយសារតែប្រភពដើមចម្បងនៃសាច់ជ្រូកគឺជ្រើសរើសចេញពីអ្នកចិញ្ចឹមតាមជនបទ។ ការទទួលទានប៉ាតេពុក គឺមានរសចាតិឆ្ងាញ់ប្អែក សុខភាពល្អមាំមួន អ្នកខ្សោយមានថាមពលកម្លាំខ្លាំងក្លា ដោយសារងាយស្រួលក្នុងការរំលាយអាហារបានលឿន និងមិនសារធាតុអ្វីដែលធ្វើឲ្យប៉ះពាល់ដល់រាងកាយរបស់យើងនោះឡើយ។
លោកឧកញ៉ា ថោង សារ៉ាត់ បានសង្កត់ធ្ងន់ថា ជាគោលដៅចម្បងនៃជំហានដំបូងរបស់ក្រុមហ៊ុន ប៉ាតេពុក គឺលោកឧកញ៉ាបានលើកបង្ហាញពីចក្ខុវិស័យស៊ីជម្រៅ ដោយផ្តោតសំខាន់លើការពង្រីកទីផ្សារក្នុងស្រុកជាមុនសិន ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរទទួលបានអាហារគុណភាពល្អសម្រាប់សុខភាពល្អ បើកាលណាសុខភាពប្រជាពលរដ្ឋល្អ យើងមានថាមកម្លាំង បញ្ញាវាងវៃ ក្នុងការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍប្រទេសជាតិយើង។ ជំហានបន្ទាប់គឺនឹងនាំចេញទៅកាន់អឺរ៉ុប អាមេរិក ហើយបន្តបន្ទាប់គឺដាក់គោលដៅទៅកាន់ពិភពលោកតែម្តង តាមរយៈការធ្វើឲ្យកកដូចដុំទឹកកក រួចអាចបញ្ជូនទៅក្រៅប្រទេស ក្នុងការថែទាំងគុណភាពល្អដូចគ្នា ដែលអាចមានរយៈពេល៦ខែ ទៅ១ឆ្នាំ។
ប៉ាតេពុក មិនត្រឹមតែផ្តល់គុណភាពម្អូបអាហារដល់អ្នកបរិភោគប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ឱកាសការងារជូនដល់ប្រជាកសិករជាអ្នកចិញ្ចឹមជ្រូក បង្កើនឱកាសការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកដល់កម្ពុជាឲ្យក្លាយជាប្រទេសផលិត និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន ជាពិសេសគឺជាមោទកភាពជាតិ ពេលកម្ពុជាមានផលិតផលមានគុណភាពខ្ពស់ ដែលអន្តរជាតិទទួលស្គាល់ពីគុណតម្លៃរបស់ផលិតផតកម្ពុជាយើង។
នាយកប្រតិបត្តិក្រុមហ៊ុនរូបនេះបានអះអាងថា ជាមួយនឹងការទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក លោកក៏បានបង្ហាញក្តីរំពឹងដែរថាសម្រាប់ ប៉ាតេ ពុក នេះ នឹងអាចនាំយកចេញទៅលក់អឺរ៉ុប អាមេរិក និងបន្តទៅដល់ទូទាំងពិភពលោកថែមទៀត ដើម្បីឱ្យបរទេសអាចបានភ្លក្សរសជាតិ សាច់ប៉ាតេ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងជាផលិតផលរបស់ខ្មែរពិត និងចង់ឱ្យបរទេសកាន់បានស្គាល់ពីកម្ពុជាកាន់តែច្រើនថែមទៀតតាមរយៈ ប៉ាតេ ពុក នេះ។
ចំពោះការណែនាំប្រើប្រាស់ពីអ្នកជំនាញ ប៉ាតេពុក ផុតកំណត់ត្រឹមម៉ោង១២យប់ បន្ទាប់ពីបំពងរួចក្នុងថ្ងៃតែមួយ។ ពិសាក្នុងអំឡុងពេលណែនាំនេះ ដើម្បីធានាទាំងគុណភាព និងរសជាតិដើម។ ប៉ុន្តែករណីភ្ញៀវចង់ទុកយូរជាងនេះ ពេលទិញទៅភ្លាម ត្រូវដាក់ក្នុងទូទឹកកកកន្លែកប្លុកកក -25°C ពេលណាភ្ញៀវត្រូវការពិសារ ត្រូវចំហុយឡើងវិញ១ម៉ោង បន្ទាប់មកអាចពិសារបានភ្លាម ឬអាចបំពងបន្ថែមក៏បាន។
សូមបញ្ជាក់ដែរថា នៅក្នុងថ្ងៃបើកសម្ពោធលក់សាច់ប៉ាតេ ពុក នេះក៏មានការផ្តល់ជូនយ៉ាងពិសេសដល់អ្នកដែលនិយមទទួលទានសាច់ប៉ាតេនេះ ដោយរាល់ការជាវសាច់ប៉ាតេនេះ ចំនួនកន្លះគីឡូ និងទទួលបានឱកាសបង្វិលកងមួយ ដើម្បីទទួលបានរង្វាន់ដូចជា៖ ម៉ូតូហុងដា ០២៣ ទូទឹកកក Samsung ថវិកា ស្រាបៀរ Heineken ភេជ្ជៈ Coca Cola អង្ករម្លិះលេខ1 ទឹកឃ្មុំព្រៃ 10,000ដប និងរង្វាន់ផ្សេងៗទៀត ដែលសរុបថវិការហូតដល់ ២០ម៉ឺនដុល្លារ។ រាល់ការបង្វិលកងទាំងអស់សុទ្ធតែមានឱកាសត្រូវរង្វាន់ ដោយមិនមានពាក្យអរគុណនោះឡើយ ហើយសម្រាប់ឱកាសផ្តល់ជូននេះនឹងបន្តរហូតដល់ពេញ ១ខែផងដែរ៕