លោកវេជ្ជបណ្ឌិត គឹម សំណាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន សុំបដិសេធ ចំពោះការលើកឡើងរបស់គ្រួសារសពស្ត្រីរងគ្រោះ ដោយសារពស់វែកដំបូកខាំ បណ្តាលឱ្យស្លាប់

ខេត្តប៉ៃលិន ៖ នៅរសៀលនេះ ថ្ងៃទី២ ខែមេសា ឆ្នំា២០២៣នេះ លោកវេជ្ជបណ្ឌិត គឹម សំណាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន សុំបដិសេធ ចំពោះការលើកឡើងរបស់គ្រួសារសពស្ត្រីរងគ្រោះ ដោយសារពស់វែកដំបូកខាំ បណ្តាលឱ្យស្លាប់កាលពីពេលថ្មីៗថា មិនមែនទាល់តែគ្រូពេទ្យឱ្យទៅចាប់ពស់បាន ឬឃើញសត្វពស់ ទើបដាក់ថ្នាំបន្សាបនោះទេ គឺគ្រប់អ្នកជំងឺទាំងអស់ ក្រោយពេលពស់ខាំរួច ដឹកចូលមកដល់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ គឺក្រុមគ្រូពេទ្យត្រូវតែប្រញាប់ព្យាបាល ដោយយកចិត្តទុកដាក់បំផុត។ ដំបូងត្រូវមើលកំណកឈាម តើឈាមជនរងគ្រោះកក ឬអត់? ក្រោយពេលបូមបាន២០នាទី បើឈាមកក មានន័យថា មិនមែនពស់ចឹក ឬខាំនោះទេ»។

លោកវេជ្ជបណ្ដិតបន្តថា តែបើឈាមនោះរាវ មានន័យថា ប្រាកដជាពស់ពិសចឹកហើយ ដូច្នេះគ្រូពេទ្យត្រូវតែដាក់ថ្នាំតាមអាការៈជំងឺ។ ដោយឡែកអ្នកជំងឺដែលស្លាប់ថ្មីៗ ពេលចូលមកដល់ភ្លាម ក្រុមគ្រូពេទ្យបានបូមឈាមមើល ដោយទុករយៈពេល២០នាទី គឺឈាមស្ត្រីរងគ្រោះនៅកកធម្មតា។ ក្រោយមក គ្រូពេទ្យបានតាមដានមើល និងសួរនាំថា តើសត្វពស់នេះ ចឹកចាប់តាំងពីពេលណា? អស់រយៈពេលប៉ុន្មានម៉ោងហើយ?»។ ករណីពស់ចឹកនេះ មិនមែនជាលើកទី១ទេ គឺជនរងគ្រោះចូលក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មានច្រើនរាប់រយអ្នកមកហើយ។ តែបញ្ហាអ្នកជំងឺនេះ មានការខុសប្លែកពីអ្នកដទៃ ក្រោយពេលដឹងថា ពស់វែកដំបូកចឹកហើយ គ្រូពេទ្យក៏ចាក់ថ្នាំបន្សាបភ្លាម លុះពេលបូមឈាមពិនិត្យមើលរកឃើញថា ឈាមនៅកកដដែល អត់មានរាវនោះទេ។ ម្យ៉ាងវិញទៀត ក្រោយពេលពស់ចឹកភ្លាម មិនមែនចេះតែប្រើថ្នាំខុសបច្ចេកទេសនោះឡើយ គឺត្រូវតែពិនិត្យតាមដាន និងប្រើថ្នាំឱ្យបានត្រឹមត្រូវ និងទៀងទាត់បំផុត»។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា «ការស្លាប់របស់ស្ត្រីរងគ្រោះ ដោយសារពស់វែកដំបូកចឹកនេះ លោកក៏សូមចូលរួមសោកស្តាយជំនួសឱ្យគ្រួសារសពផងដែរ ខណៈពេលដែលគាត់ស្លាប់ គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង អស់រយៈពេល៣ថ្ងៃមកហើយ។ លើសពីនេះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្រោយពេលពស់ចឹក ឬខាំ ទោះបីជារកឃើញ ឬមិនឃើញពស់ ក៏គ្រូពេទ្យអាចព្យាបាលបានដែរ។ ហើយការប្រើប្រាស់ថ្នាំនោះ ក៏ធ្វើទៅតាមបច្ចេកទេសរបស់គ្រូពេទ្យដែរ មិនមែនចេះតែប្រើថ្នាំទៅលើជនរងគ្រោះនោះទេ ព្រោះវាជាអាវុធមុខពីរ»។
លោកវេជ្ជបណ្ឌិតបញ្ជាក់បន្តថា ដោយឡែក ពាក់ព័ន្ធនឹងប័ណ្ណក្រីក្រនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មានអ្នកជំងឺជាច្រើនដែលកាន់ប័ណ្ណនេះ មកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយខាងគ្រូពេទ្យបានយកចិត្តទុកដាក់គ្រប់ៗគ្នាមិនរើសអើង ឬប្រកាន់វណ្ណៈនោះដែរ»។
បើតាមលោកស្រីវេជ្ជបណ្ឌិត ហួន ភិរម្យ ផ្នែកសង្គ្រោះ បានឱ្យដឹងថា ការចោទប្រកាន់មកលើ គ្រូពេទ្យបែបនេះ មិនត្រឹមត្រូវនោះទេ គឺគ្រូពេទ្យបានយកចិត្តទុកដាក់ចាប់តាំងពីអ្នកជំងឺចូលមកព្យាបាលដំបូងម្ល៉េះ។ តែមុនពេលមកដល់មន្ទីរពេទ្យ គឺស្ត្រីរងគ្រោះបានឡើងខ្មៅត្រង់កន្លែងមុខរបួសដៃបាត់ទៅហើយ គាត់ក៏មានបញ្ហាជំងឺរាករូស មុនពេលពស់ចឹកដែរ»។
អ្នកស្រីវេជ្ជបណ្ឌិត បន្តទៀតថា ការព្យាបាលស្ត្រីរងគ្រោះនេះ គ្រូពេទ្យដាក់ថ្នាំបន្សាបជាតិពិស និងថ្នាំព្យាបាលជំងឺរាករូសផងដែរ។ លើសពីនេះ ការប្រើថ្នាំបន្សាបជាតិពិសសត្វពស់ គឺធ្វើទៅតាមប្រភេទសត្វពស់ផងដែរ»។
សូមបញ្ជាក់ផងដែរថា មានករណីពស់វែកដំបូកចឹកដៃឆ្វេងស្ត្រីវ័យចំណាស់ម្នាក់បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចប្រឡាយរីងទឹកមួយកន្លែង ស្ថិតក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លុះពេលក្រុមគ្រួសារដឹកយកទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បាន២យប់ រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ អាការៈស្ត្រីរងគ្រោះហើមដៃខ្លាំង ទើបគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ហើយស្នាក់នៅព្យាបាលទីនោះ រហូតដល់វេលាម៉ោង៣និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក៏បានស្លា.ប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងតែម្តង។
ស្ត្រីវ័យចំណាស់រងគ្រោះដែលស្លាប់ដោយសារពស់វែកដំបូកចឹកនោះ មានឈ្មោះ រុន ម៉ាប់ អាយុ៦០ឆ្នាំ មានប្តីឈ្មោះ មួង កុយ និងមានកូនស្រីចំនួន៤នាក់ រស់នៅក្នុងភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕

អត្ថបទដែលជាប់ទាក់ទង