រជាពលរដ្ឋ ចំនួន២ភូមិ ក្នុងឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ពីរដ្ឋបាលខេត្តកណ្ដាល

កណ្តាល៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ចំនួន ១,៩៨៥ ក្បាលដី ត្រូវបានរដ្ឋបាលខេត្តកណ្ដាល ចែកជូនដល់ប្រជាពលរដ្ឋ ស្ថិតនៅភូមិកោះរះលើ និងភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ០២ភូមិ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអោយដឹងថា៖ ការទទួលបានប័ណ្ណនាឱកាសនេះគឺមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមឱ្យខិតខំថែរក្សាសារដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើង។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវស្មារតីយកចិត្តទុកដាក់ខិតខំអនុវត្តតួនាទីភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋរបស់មន្ត្រីចុះបញ្ជីទាំងអស់ មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបាន ចូលរួមអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលបានខិតខំពុះពាររាល់ការលំបាករហូតឈានដល់ការចែកប័ណ្ណជូនប្រជាពលរដ្ឋនាពេលនេះ។ សកម្មភាពរបស់អស់លោក លោកស្រី ក៏ជាការរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី។

ឯកឧត្តមអភិបាលខេត្ត បន្តថា ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។ ដូច្នេះការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំបង្កើនផលិតភាពក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្ម ឱ្យកាន់តែកើនឡើងថែមទៀត។

ឯកឧត្ដមអភិបាលខេត្ត បន្ថែមថា បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ទៅបង្កើតជាសិទ្ធប្រាតិភោគ (ការដាក់បញ្ចាំ…) ដើម្បីយកប្រាក់មកប្រើប្រាស់ លើកិច្ចការផ្សេងៗ ដែលជាតម្រូវការរបស់បងប្អូន ហើយប័ណ្ណកម្មសិទ្ធិនេះបង្កជាលក្ខណៈងាយស្រួលក្នុង ការធ្វើជាមរតក ឬ អំណោយចែកជូនកូនចៅ និងបង្កលក្ខណៈកាន់តែងាយស្រួលក្នុងការលក់ ដូរ ឬផ្ទេរកម្ម សិទ្ធិផងដែរ។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា ការចុះបញ្ជីរួចរាល់ ក្នុងភូមិកោះរះលើ និងភូមិកោះរះក្រោម ដែលនឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនម្ចាស់កម្មសិទ្ធិ មានចំនួន ១,៩៨៥ក្បាលដី ក្នុងនោះភូមិកោះរះលើ ចំនួន ១,៣១៨ក្បាលដី និងភូមិកោះរះក្រោម ចំនួន ៦៦៧ក្បាលដី។

លោកប្រធានមន្ទីរបានបន្ថែមថា៖ គិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៨៦ លើកស្មើ នឹង២៧០,៩២៦ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី១៨៧នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនប្រជាពលរដ្ឋ៕

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង