ពលរដ្ឋ១១គ្រួសារ នៅស្រុកសំឡូត ប្ដឹងមន្ដ្រីពន្ធនាគារម្នាក់នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ ប្រជាពលរដ្ឋ១១គ្រួសារ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យបណ្ដឹងរួមគ្នា ប្ដឹងមន្ដ្រីពន្ធនាគារខេត្តបាត់ដំបងម្នាក់ឈ្មោះ ស៉ឹម សុខុន ដោយចោទប្រកាន់ថា ស្ដ្រីឈ្មោះ ស៉ឹម សុខុន បានបោកលុយពួកគាត់សរុបជាង៩ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។

ក្នុងពាក្យប្ដឹងសុំអន្ដរាគមន៍ទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ លោក អ៊ុន កុសល ដែលតំណាងឲ្យប្រជាពលរដ្ឋ១១គ្រួសារ បានធ្វើការរៀបរាប់ដូចខាងក្រោម៖
«កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ យើងខ្ញុំទាំង១១នាក់ បានយកថវិកាទៅប្រគល់ជូនលោកស្រី ស៊ឹម សុខុន នៅគេហដ្ឋានរបស់លោកស្រីផ្ទាល់ ដោយមាន លោក ម៉ៅ ណាត លោកប្រាជ្ញ សុវណ្ណមន្នី និងលោក ម៉ៅ សំរេច ជាអ្នកបានឃើញ យើងខ្ញុំទាំង១១នាក់ ជួបប្រគល់ថវិកាទៅលោកស្រីពិតប្រាកដមែន ដោយគាត់សន្យា និងជួយរត់ការប្រឡងចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ ប្រសិនបើមិនបាន គាត់និងប្រគល់ថវិកាជូនវិញគ្រប់ចំនួន ដោយគាត់អះអាងថាគេ និងរើសចេញពីជួរយុវជន គណបក្សប្រជាជនកម្ពុជា។

ក្រោយពេល ដល់ថ្ងៃកំណត់ប្រឡងរួចតែលទ្ធផល មិនបានជាប់ដូចការសន្យា ទើបយើងខ្ញុំទាំងអស់គ្នាសម្រេចចិត្ត សុំដកយកថវិកាមកវិញ តែរយ:ពេលមួយឆ្នាំហើយមិនព្រមឲ្យ យើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅ សាលាខេត្តបាត់ដំបង ហើយអភិបាលរងនៃគណៈអភិបាលខេត្ត បានព្យាយាមដោះស្រាយចំនួន៣លើក តែមិនបានថវិកាមកវិញទើប យើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដោះស្រាយ និងរកយុត្តិធម៌ ជូនយើងខ្ញុំឲ្យបានថវិកាគ្រប់ចំនួន៩៤,៧០០ដុល្លាអាមេរិក មកវិញផងតាមឈ្មោះ និងចំនួនថវិកាដូចតារាងជូនភ្ជាប់។
សេចក្ដីដូចបានគោរពជម្រាបជូនខាងលើសូម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងសម្រេចដោយសេចក្ដីអនុគ្រោះ»។

យ៉ាងណាមិញ ពាក់ព័ន្ធការចោទប្រកាន់នេះ បណ្ដាញព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយ ពីលោកស្រី ស៉ឹម សុខុន បាននៅឡើយទេ គិតត្រឹមពេលចេញផ្សាយនេះ៕

អត្ថបទដែលជាប់ទាក់ទង