បុរសដែលជួយកូនពីការលង់ទឹកសមុទ្រ រួចលង់ខ្លួនឯង និងបាត់ខ្លួន រកឃើញសាកសពហើយ

(ព្រះសីហនុ)៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បុរសម្នាក់ដែលបាត់ខ្លួន ក្រោយជួយកូនឲ្យរួចផុតពីការលង់ទឹកសមុទ្រ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ នៅពេលត្រូវបានក្រុមអ្នកជួយសង្គ្រោះរកឃើញ សាកសពហើយ ក្រោយប្រើពេលស្រាវជ្រាវរុករកនៅលើផ្ទៃសមុទ្រប្រមាណ ២០ម៉ោង។ បន្ទាប់ពីក្រុមអ្នករុករកបានពង្រីកវិសាលភាពទីតាំងស្រាវជ្រាវនោះ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សពបុរសវ័យ៤០ឆ្នាំនោះ ត្រូវបានរកឃើញហើយ។ ប្រតិបត្តិការរុករកនេះធ្វើឡើងដោយកម្លាំងនគរបាល, អាវុធហត្ថ, អង្គភាព ៧១១ និងមានការចូលរួមសហការពីក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ។

គួរជម្រាបថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ មានហេតុការណ៍មួយបានបង្កើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបុរសម្នាក់ដែលជាអ្នករស់នៅរាជធានីភ្នំពេញ បាននាំក្រុមគ្រួសារទៅលេងខេត្តព្រះសីហនុ ហើយកូនបានចុះលេងទឹកសមុទ្រ ស្រាប់តែពេលនោះក៏លង់ ហើយឪពុកបានស្ទុះទៅជួយ និងរុញកូនឡើងលើវិញឲ្យរួចផុតពីគ្រោះថ្នាក់ ប៉ុន្ដែអកុសលត្រូវកម្លាំងសមុទ្រអូសខ្លួនឯងវិញ បណ្ដាលឲ្យលង់បាត់ខ្លួនតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង