សៀមរាប ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងផ្តាំផ្ញើ ៥ចំណុច ទៅកាន់អភិបាលខេត្តសៀមរាប ដែលទើបនឹងប្រកាសតែងតាំងថ្មី។ ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តសៀមរាប នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប។
ប្រសាសន៍ផ្តាំផ្ញើទាំង ៥ចំណុច របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅកាន់អភិបាលខេត្តសៀមរាប ដែលទើបនឹងប្រកាសតែងតាំងថ្មី នាឱកាសនោះរួមមាន ៖
ទី១. ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
– គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ង បង្កឱ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម។
– ត្រូវខិតខំស្រាវជ្រាវ និងបង្ក្រាបបទល្មើសលួចប្លន់ គ្រឿងញៀន អំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យបានសកម្មផុលផុសនៅគ្រប់មូលដ្ឋាន ដោយបំផុសចលនាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅតាមមូលដ្ឋាននីមួយៗ ឱ្យចូលរួមសហការជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។
– បន្តយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ជើងគោក ឱ្យបានសកម្មផុលផុសជាប់ជាប្រចាំ សំដៅកាត់បន្ថយបន្ថែមទៀតនូវគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងធនធាននានាក្នុងសង្គម។
ទី២. ការលើកកម្ពស់ និងវិស័យជំរុញទេសចរណ៍ក្នុងខេត្ត
– ខេត្តសៀមរាប គឺជាខេត្តមួយ ដ៏មានសក្តានុពល សម្រាប់អភិវឌ្ឍវិស័យ ទេសចរណ៍ រួមមាន ៖ ទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិដ៏សំខាន់របស់ជាតិ និងជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចសំខាន់ៗទាំងបីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ហេតុដូច្នេះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល ត្រូវរួមសហការគ្នាថែរក្សាអោយបានគត់មត់នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កែលម្អសោភ័ណភាព អនាម័យ និងការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ សំដៅធ្វើការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព។
– ជាមួយគ្នានេះ ត្រូវបន្តខិតខំកៀរគរ និងលើកទឹកចិត្តដល់ការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ កសិឧស្សាហកម្ម និងសហគ្រាសធុនតូច មធ្យម សម្រាប់បង្កើតឱកាសការងារនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមចំណែកបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មានការរីកចំរើនប្រកបដោយចីរភាព និងបរិយាប័ន្ន។
– អាជ្ញាធរ មន្ទីរជំនាញ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំយុទ្ធនាការ និងរៀបចំព្រឹត្តការណ៍នានាដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាពិសេសត្រូវធ្វើឱ្យភ្ញៀវទេសចរ មានទំនុកចិត្តទៅលើគុណភាព នៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ មធ្យោបាយធ្វើដំណើរ និងទប់ស្កាត់ការបន្លំបោកប្រាស់ រួមមាន ៖ ការប្រើក្រដាស់ប្រាក់ក្លែងក្លាយ និងវត្ថុអនុស្សាវរីយ៍គ្មានគុណភាព ។ តាមទិន្នន័យទេសចរឆមាសទី១ ឆ្នាំ២០២៣ បានបង្ហាញថាប្រទេសកម្ពុជាយើង បានទទួលភ្ញៀវទេសចរអន្តរជាតិ ត្រឹមតែ ២.១៦លាននាក់ ប៉ុន្តែប្រទេសថៃ ទទួលបានចំនួនភ្ញៀវអន្តរជាតិ ប្រមាណជា ១៥លាននាក់ និងប្រទេសវៀតណាម ទទួលបានប្រមាណជា ៥.៥លាននាក់។
ទី៣. អំពីការផ្តល់សេវាសាធារណៈ
– កន្លងមកក្រសួងមហាផ្ទៃ បានសហការសម្របសម្រួល ជាមួយក្រសួង ស្ថាប័ននានា រៀបចំដាក់ឲ្យដំណើរការនូវការផ្តល់សេវានៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយនៅគ្រប់រាជធានីខេត្ត និងក្រុងស្រុក ខណ្ឌទូទាំងប្រទេស ព្រមទាំងបានដាក់ឲ្យដំណើរការនូវយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់ ដើម្បីធានាផ្តល់សេវាជូនប្រជាជន ឱ្យកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។
– រដ្ឋបាលខេត្ត ត្រូវដឹកនាំសម្របសម្រួលជាមួយនឹងមន្ទីរ អង្គភាពពាក់ព័ន្ធដើម្បីពន្លឿនការផ្ទេរសេវានានាដែលនៅសេសសល់ មកឱ្យអង្គភាពច្រកចេញចូលតែមួយ និងលើកកម្ពស់ ការបណ្តុះបណ្តាល កសាងសមត្ថភាពដល់មន្ត្រីដែលបំពេញការងារនៅតាមយន្តការច្រកចេញចូល តែមួយ អោយបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
– ទន្ទឹមនេះរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ ដោយត្រូវចាត់តាំងមន្រ្តី ដើម្បីសហការរៀបចំវេទិកាសាធារណៈជាមួយប្រជាជន។