ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីសម្រេចអនុវត្តវិន័យដោយសម្រេចដកហូតមុខតំណែង លោកអនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ឲ្យមកជាមន្ដ្រី។
ក្នុងសម្រេចរបស់នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា ការសម្រេចដកហូតមុខតំណែង លោកអនុសេនីយ៍ឯក ហុក សារ៉ុម ដោយសារមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
សូមរំលឹកថា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្តេចធិបតី បានបញ្ជាក់តាមតេឡេក្រាមបែបនេះ «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋនិងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។
ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ»។
ដោយឡែក លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ បានចេញលិខិតបង្គាប់ការផ្អាកការងារបណ្ដោះអាសន្ន លោកអនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ ស្រុកស្ទោង ដែលធ្លាប់ពាក់ព័ន្ធករណីប្លន់ទូមាស កាលពីឆ្នាំ២០១៥។ ក្នុងលិខិតបង្គាប់ការ បានបញ្ជាក់ទៀតថា លោកអនុសេនីយ៍ឯក ហុង សារ៉ុម ត្រូវកំណត់ឲ្យទៅបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ (ការិយាល័យបុគ្គលិក) រៀងរាល់ម៉ោងធ្វើការ រហូតដល់មានការសម្រេចជាថ្មី៕