ការស៊ើបអង្កេតស្រាវជ្រាវឈានដល់បង្ក្រាបករណីសញ្ចារកម្ម ចំនួន ៤ទីតាំង ក្នុងខណ្ឌច្បារអំពៅ រកឃើញជនរងគ្រោះ ១៥នាក់ គឺជាការអនុវត្តទិសដៅទី៤ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ!

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង២០និង០០នាទី នគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ សម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបករណីសញ្ចារកម្ម ចំនួន៤ទីតាំង រកឃើញជនរងគ្រោះ១៥នាក់ និងជនសង្ស័យជាស្ត្រីចំនួន៣នាក់។ ប្រតិបត្តិការនេះ គឺជាការអនុវត្តទិសដៅទី៤ «ការជួញដូរមនុស្សគ្រប់ទម្រង់»ក្នុងចំណោមទិសដៅទាំង៦ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រោមមគ្គទេសន៍ សម្ដេចធិបតីនាយករដ្ឋមន្ត្រី។ យោងតាម​ព័ត៌មាន​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបទាំង៤នោះរួមមាន៖

១-ហាងម៉ាស្សាកោសជប់ (៩៩៩) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៥នាក់ (ស្រី ៤នាក់) និងជនសង្ស័យ ១នាក់(ស្រី)។
២-ហាងម៉ាស្សា (៧៧៧) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ៤នាក់ (ស្រី)។
៣-ហាងម៉ាស្សា (៩៩៩៩) ផ្ទះលេខ១១០០ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៣នាក់(ស្រី) និងជនសង្ស័យ១នាក់(ស្រី)។
៤-ហាងម៉ាស្សាកោសជប់(៩៩៩៩) ផ្ទះលេខ០១ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៣នាក់ (ស្រី) និងជនសង្ស័យ១នាក់ (ស្រី)។ ព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដដែលបញ្ជាក់ថា បច្ចុប្បន្ន ជនរងគ្រោះ និងជនសង្ស័យ រួមទាំងវត្ថុតាងប្រគល់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចាត់នីតិវិធីបន្ត។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដដែល បានបង្ហាញពីផ្លូវច្បាប់ជុំវិញករណីនេះថា យោងតាមក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ មាត្រា២៨៤ បទសញ្ចារកម្ម គឺជាអំពើ ៖ ១.ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់អ្នកដទៃ។ ២.ជួញឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ឬរៀបចំតាមគ្រប់មធ្យោបាយនូវសកម្មភាពពេស្យាចារ។ ៣.ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ។ ៤.ធ្វើការគាបសង្កត់លើបុគ្គលណាមួយ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។ មាត្រានេះកំណត់ផ្ដន្ទាទោសលើជនល្មើសដោយដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៤.០០០.០០០(បួនលាន)រៀល ទៅ១០.០០០.០០០(ដប់លាន)រៀល។

លោកបណ្ឌិត ទូច សុខៈ បានគូសបញ្ជាក់ដែរថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែផ្ញើសារតាមអង្គពិធីនានាជារឿយៗដល់មន្ត្រីនគរបាលជាតិគ្រប់ឋានានុក្រម បង្កើន​ការ​យក​ចិត្តទុកដាក់ក្នុងបង្ក្រាបបទល្មើសជួញដូរផ្លូវភេទ ជាពិសេសការជួញដូរមនុស្សគ្រប់ទម្រង់។ លើសពីនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏ជំរុញ​លើក​ទឹក​ចិត្តដល់​អង្គភាព​នគរបាល​ក្នុង​សមត្ថកិច្ច​នេះ ពង្រីកការផ្សព្វផ្សាយអប់រំណែនាំដល់យុវជន ពិសេសយុវនារី ស្ត្រីជាមុខសញ្ញា អាណាព្យាបាល និងមហាជនទូទៅ ឱ្យបានយល់ដឹងអំពីគ្រោះថ្នាក់ ឧបាយកលរបស់ជនល្មើស វិធីបង្ការទប់ស្កាត់ និង​វិធី​ដោះ​ខ្លួន​ចេញពីជនល្មើសជាដើម៕

អត្ថបទដែលជាប់ទាក់ទង