ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសបដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានអនឡាញ The Cambodia Daily

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីបដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានអនឡាញ The Cambodia Daily ដែលខ្លឹមសារយ៉ាងដូច្នេះថា ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណមតិជាតិ-អន្តរជាតិ ជ្រាបថា ថ្មីៗនេះសារព័ត៌មានអនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា «មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជា តម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាល បង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ» ដោយចុះផ្សាយថា “មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូប មិនសប្បាយចិត្ត….។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធដាច់អហង្ការចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញនិរទេសខុសច្បាប់នេះ និងសូមបញ្ជាក់ជូនថា ព័ត៌មានដែលមានចរិតញុះញង់ បង្កប់ដោយកលល្បិចនេះ គ្មានអ្វីក្រៅពីចេតនាដ៏កខ្វក់ក្នុងការបំផុសបំផុល និងព្យាយាមបំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុង ដោយប៉ុនប៉ងបង្កើតឱ្យមានការសង្ស័យ និងការថ្នាំងថ្នាក់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាពិសេសក្នុងចេតនា ធ្វើឱ្យចុះខ្សោយឥទ្ធិពលរបស់ថ្នាក់ដឹកនាំ ដែលជាកម្លាំងថ្មីបន្តវេនប្រកបដោយសក្តានុពល នៃ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ព័ត៌មានអុចអាលដ៏អសីលធម៌នេះ មិនមែនទើបកើតមាននាពេលនេះទេ ប៉ុន្តែផ្ទុយទៅវិញ ការផ្សព្វផ្សាយបែបនេះ ធ្លាប់ត្រូវបានក្រុមជ្រុលនិយមមួយចំនួនប្រឌិតឡើង ដើម្បីបង្កអរិភាពក្នុង ជួរមន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាហូរហែមកហើយ តាំងពីដើម ទស្សវត្សឆ្នាំ៨០។

ឆ្លងតាមប្រវត្តិសាស្ត្រជាក់ស្តែង និងច្រំដែលៗជាច្រើនទស្សវត្សកន្លងមក ឃើញថា ចេតនា ញុះញង់បំបែកបំបាក់ដ៏គួរឱ្យស្អប់ខ្ពើមនេះ ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន មកលើមន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ពុំដែលទទួលផលតាមមហិច្ឆតារំពឹងទុករបស់ ពួកគេម្តងណាឡើយ។ ផ្ទុយទៅវិញ គំនិតបំបែកបំបាក់ដ៏អគតិក្នុងចេតនាទុច្ចរិតនេះ បានផ្តល់ឱ្យក្រុមរបស់ខ្លួនឯងវិញនូវការរលំរលាយ បែកបាក់ និងខ្ចាត់ខ្ចាយរហូតមកដល់បច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង