សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន រដ្ឋសភាស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។

អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា ៖ នៅព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ រដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្ដើមកិច្ចប្រជុំ មានចំនួន ១០០រូប។

របៀបវារៈនៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ គឺ ការបោះឆ្នោតទុកចិត្តសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ចំនួន ៩រូប ដែលមានរាយនាមដូចខាងក្រោម៖

១. លោក ប្រាជ្ញ ចន្ទ ប្រធាន

២. លោក ជឺ ចំណាន អនុប្រធាន

៣. លោក មាន សទិ សមាជិក

៤. លោក ឌឹម សុវណ្ណារុំ. សមាជិក

៥. លោក សោម សូរីដា សមាជិក

៦. លោក  ហេង ស៊ីឡេង សមាជិក

៧. លោក យិច សមិទ្ធិ សមាជិក

៨. លោក ហ៊ែល សារ៉ាត់ សមាជិក

៩. លោក ហង្ស ពុទ្ធា សមាជិក

អង្គសភាបានធ្វើការបោះឆ្នោតទុកចិត្ត សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ចំនួន ៩រូប ដោយទទួលបានសំឡេង ព្រម ចំនួន ១០១សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ បានពិភាក្សា និងអនុម័តចប់សព្វគ្រប់ នូវរបៀបវារៈខាងលើ នេះ នៅវេលាម៉ោង ៨:៤៥នាទី នាថ្ងៃខែឆ្នាំដដែល។

ដោយអង្គសភាមិនទាន់មានរបៀបវារៈសម្រាប់ធ្វើការពិភាក្សា និងអនុម័តបន្ត អង្គសភាបានលើកពេល សម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ មួយរយៈសិន។ ចំពោះព័ត៌មានទាក់ទងការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នឹងជូនដំណឹងនៅពេលក្រោយ តាមរយៈសេចក្តីជូនដំណឹង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប ៕

អត្ថបទដែលជាប់ទាក់ទង