ឯកឧត្តម​ ហេង​ សួរ ចូលថ្វាយបង្គំ ព្រះសង្ឃខ្មែរនៅសាធារណរដ្ឋកូរ៉េ

(សាធារណរដ្ឋកូរ៉េ)៖ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លៀតពេលវេលាពីជំនួបជាមួយភាគីកូរ៉េ​ បានចូលថ្វាយបង្គំ ព្រះបញ្ញាសត្ថាចារ្យ ពៅ សុភ័ក្រ្ត ព្រះរាជាគណៈថ្នាក់កិត្តិយស គង់នៅមជ្ឈមណ្ឌលព្រះពុទ្ធសាសនាវត្តខ្មែរ-គូមី និងព្រះភិក្ខុ រិន សារ៉ូ ជយរក្ខិតោ គង់នៅមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ ព្រមទាំងបានប្រគេនបច្ច័យសម្រាប់កសាងវត្ត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរព្រះគុណប្រគេនដល់ព្រះថេរៈទាំង២អង្គ ដែលតែងតែមានចិត្តអាណិតស្រឡាញ់​ និងជួយសម្របសម្រួលដល់ពលករកម្ពុជា ជាហេតុធ្វើឱ្យប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ ចាត់ទុកមជ្ឈមណ្ឌលព្រះពុទ្ធសាសនាទាំងពីរ មិនត្រឹមតែជាវត្តខ្មែរសម្រាប់ប្រតិបត្តិ​ធម៌ និងប្រពៃណីខ្មែរនោះទេ តែក៏ជាកន្លែងជួយសម្រួលឱ្យពលករដែលប្តូរការងារស្នាក់អាស្រ័យបណ្តោះអាសន្នផងដែរ។

ជាមួយគ្នានេះ ព្រះតេជគុណទាំងពីរ​អង្គ ក៏មានថេរដីកាថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលកន្លងមកតែងតែគាំទ្រ និងជួយកៀរគរបច្ច័យ ដើម្បីឱ្យគម្រោងនេះក្លាយជាការពិត។

បន្ទាប់ពីថ្វាយបង្គំព្រះតេជគុណរួច ឯកឧត្តម ហេង សួរ ក៏បានជួបសួរសុខទុក្ខពលករកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលព្រះពុទ្ធសាសនាទាំងពីរ និងណែនាំឱ្យពលករថែរក្សាសុខភាព ខិតខំរៀនបច្ចេកទេស និងជំនាញពីកន្លែងការងារ និងត្រូវចេះសន្សំថវិកាទុកជូនគ្រួសារ និងខ្លួនឯងប្រើប្រាស់នៅពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង