មន្ត្រីរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ មិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយទទួលបានលទ្ធផលអវិជ្ជមាន ក្រោយការធ្វើតេស្ត
អនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ កាលពីថ្ងៃទី២០ កុម្ភៈ ២០២៤ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត បានរៀបចំការធ្វើតេស្តសារធាតុញៀនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្ត ចំនួន ២០២នាក់ (ស្ត្រី ៨៦នាក់) ជាលទ្ធផលនៃការធ្វើតេស្ត បានរកឃើញថា មន្ត្រីទាំង ២០២នាក់ ពុំមានជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់នោះទេ។
សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីទាំង២០២នាក់ ក្នុងខេត្តកំពង់ស្ពឺ ដែលបានចូលរួមជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល និងបង្ហាញភាពស្អាតស្អំ ក្នុងនាមជាគំរូដល់ប្រជាពលរដ្ឋ ដោយមិនមានលទ្ធផលពាក់ព័ន្ធនឹងគ្រឿងញៀន សូម្បីមន្ត្រីម្នាក់ ៕