ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ទឹកមានសភាពល្អក់ កខ្វក់នេះ នៅតែល្អក់កខ្វក់ដដែលពេលដែលគាត់បើកទឹកប្រើប្រាស់។
តាំងពីយប់ថ្ងៃទី១៩ ខែឧសភា រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ និងភូមិមុខខេត្ត សង្កាត់រកាធំ ក្នុងក្រុងច្បារមនទាំងមូលធ្វើការ ស្នើសុំដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញជួយពិនិត្យមើលក្រុមហ៊ុនទឹកស្អាតនៅក្រុងច្បារមនផង ដោយសារតែ បើកមកទឹកល្អក់វល់ ដូចទឹកក្របីដេកត្រាំ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ដោយមើលឃើញពីសភាពទឹកល្អក់ កខ្វក់នេះ ពួកគាត់មានការងឿងឆ្ងល់ហេតុអ្វីបានជាទឹកស្អាត ប្រែក្លាយជាល្អក់កខ្វក់បែបនេះទៅវិញ។ ពួកគាត់មិនស្តាយលុយនោះទេក្នុងការចំណាយប្រចាំខែទៅឱ្យក្រុមហ៊ុនទឹកស្អាតខេត្តកំពង់ស្ពឺ របស់លោកឧកញ៉ា អ៊ុន យុទ្ធី ដែលជាម្ចាស់ក្រុមហ៊ុនទឹកស្អាតនោះ។ ប៉ុន្តែស្រាប់តែរយៈពេល២ថ្ងៃនេះ ទឹកល្អក់កខ្វក់ពិបាកក្នុងការប្រើប្រាស់ទឹក ដាំបាយធ្វើម្ហូប ពួកគាត់ជាប្រជាពលរដ្ឋ មិនហ៊ានប្រើប្រាស់ទឹកល្អក់កខ្វក់នោះទេ ខ្លាចប៉ះពាល់ដល់សុខភាព។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋធ្វើការសំណូមពរដល់ថ្នាក់ដឹកនាំ និងជំនាញពាក់ព័ន្ធមេត្តាជួយពិនិត្យក្រុមហ៊ុនទឹកស្អាត ហេតុអ្វីបានជាប្រែក្លាយទៅជាទឹកល្អក់កខ្វក់ប្រើមិនកើតទៅវិញ? សារព័ត៌មានមិនអាចសុំការបំភ្លឺពីលោកឧកញ៉ាអ៊ុនយុទ្ធី ម្ចាស់ក្រុមហ៊ុនទឹកស្អាត បានទេ ដោយពុំមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ៕