ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំ វេទិការផ្សព្វផ្សាយអំពីការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការងារតភ្ជាប់បណ្តាញលូទឹកកខ្វក់តាមខ្នងផ្ទះ នៅក្រុងតាខ្មៅ
កណ្ដាល៖ ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានគូសបញ្ជាក់នៅក្នុងវេទិការផ្សព្វផ្សាយអំពីការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការងារតភ្ជាប់បណ្តាញលូទឹកកខ្វក់តាមខ្នងផ្ទះ នៅក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នេះសួនច្បារមាត់ស្ទឹង ក្រុងតាខ្មៅ ថា៖ វេទិកានេះធ្វើឡើងដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងទឹកកខ្វក់ ហើយនៅពេលដែលយើងមានប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់រួចហើយ នោះយើងនឹងរៀបចំប្រព័ន្ធលូថ្មី ដោយបែងចែកគ្នាដាច់គឺប្រព័ន្ធលូទឹកកខ្វក់ផ្សេង និងលូទឹកភ្លៀងផ្សេង។
ឯកឧត្ដម រដ្ឋលេខាធិការ បន្តថា៖ ប៉ុន្តែនៅសព្វថ្ងៃនេះប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់នៅជាមួយគ្នា ដោយបង្ហូរចូលទៅ ទន្លេ ស្ទឹង បឹង ត្រពាំង ស្រះ ឬប្រភពផ្សេងៗទៀត ហើយនៅពេលដែលមានជំនន់ទឹកភ្លៀងនោះធ្វើអោយទឹកមានក្លិនមិនល្អផងដែរ។ ប៉ុន្តែនៅពេលក្រុមការងារកំពុងអនុវត្តគម្រោងដាក់បណ្ដាញលូថ្មី ការតភ្ជាប់បណ្ដាញលូទឹកកខ្វក់ក្រុមការងារតចូលផ្ទះរបស់បងប្អូន ដោយមិនគិតលុយឡើយ តែបងប្អូនត្រូវចុះឈ្មោះដើម្បីអោយក្រុមការងារគ្រប់គ្រងបាន ប៉ុន្តែនៅពេលដែលគម្រោងចាប់ផ្ដើមនោះ បងប្អូនដែលមិនទាន់បានតភ្ជាប់ត្រូវតែបង់សេវាក្នុងការតភ្ជាប់។
ឯកឧត្ដម បានបញ្ជាក់បន្ថែមថា៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នេះ ជំហានដំបូងគឺគ្របដណ្ដប់នៅសង្កាត់ចំនួន៦ នៅក្នុងក្រុងតាខ្មៅ រួមមានសង្កាត់ដើមមៀន សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ សង្កាត់ព្រែកឫស្សី សង្កាត់កំពង់សំណាញ់ និងសង្កាត់តាក្ដុល។ ដែលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងតាខ្មៅ ក្រោមក្របខណ្ឌឥណទានសម្បទានពីរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលមានសមត្ថភាពច្រោះទឹកបាន ១២,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ (តាមវិធីសាស្ត្រអាងចម្លោះតាមបែបធម្មជាតិ) មានទីតាំងស្ថិតនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ គម្រោងនេះមានគោលបំណងអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធបរិស្ថានចាំបាច់សម្រាប់ការប្រមូលយក និងធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ ដោយត្រូវធ្វើការសាងសង់ ដូចជា បណ្តាញប្រព័ន្ធលូទឹកកខ្វក់ដាច់ដោយឡែក ស្ថានីយធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ និងស្ថានីយបូមទឹកកខ្វក់ អោយស្របនឹងកំណើនយ៉ាងរហ័សនៃការបញ្ចេញទឹកកខ្វក់។ ជារួម តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន គម្រោងនឹងសម្រេចបាននូវ៖ ការកែលម្អស្ថានភាពអនាម័យ និងសុខភាពនៃក្រុងតាខ្មៅតាមរយៈការស្ថាបនាប្រព្រឹត្តកម្មទឹកកខ្វក់។ ពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ តាមរយៈការ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាការកសាងបណ្តាញធនធានមនុស្សសម្រាប់ គម្រោងនានានៅក្រៅប្រទេស។ ដើម្បីដាក់ពាក្យស្នើសុំតភ្ជាប់បណ្តាញលូទឹកកខ្វក់តាមខ្នងផ្ទះ ប្រជាពលរដ្ឋត្រូវថតចម្លងឯកសារដូចជា៖អត្តសញ្ញាណប័ណ្ណ, ប្លង់ដីកម្មសិទ្ធ, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ, អាជ្ញាបណ្ណទេសចរណ៍,ប័ណ្ណពន្ធប៉ាតង់, និងវិក្កយបត្រទឹកស្អាត សារៈប្រយោជន៍នៃការតភ្ជាប់បណ្តាញលូទឹកកខ្វក់៖ ធ្វើប្រព្រឹត្តកម្មស្របតាមស្តង់ដា និងមានសុវត្ថិភាព មុននឹងបញ្ចេញទៅ ប្រភពទឹកសាធារណៈដូចជា៖ ទន្លេ ស្ទឹង បឹង ត្រពាំង ស្រះ និងប្រភព ទឹកលើដី។ល។ មានតុល្យភាពនៅក្នុងទឹកក្រោមដី ក្នុងតំបន់ដោយការបញ្ចេញទឹក ដោយគ្មានជាតិពុលដែលបង្កគ្រោះថ្នាក់ដល់ជីវចម្រុះ។ បង្កើនសោភ័ណ្ឌភាពក្នុងតំបន់ជាពិសេសសម្រាប់ខេត្តទេសចរណ៍ និង តំបន់សេដ្ឋកិច្ចពិសេស។ មានខ្យល់អាកាសបរិសុទ្ធ ជៀសផុតជំងឺផ្លូវដង្ហើមនានា។ លើកកម្ពស់សុខមាលភាពខ្លួនប្រាណរបស់សមាជិកគ្រួសារ។ បង្ការជំងឺរាតត្បាតដល់មនុស្ស សត្វ និងមច្ឆាជាតិ។ កុមារា កុមារី មានសុខភាពល្អ លូតលាស់រឹងមាំ និងឆ្លាតវៃ ។ សន្សំសំចៃការចំណាយ។ កាត់បន្ថយការចំណាយលើសេវាបូមសំអាតប្រព័ន្ធទឹកកខ្វក់។ កាត់បន្ថយការចំណាយលើការថែទាំសុខភាពសមាជិកគ្រួសារ។ បង្កើនប្រាក់ចំណូលគ្រួសារ តាមរយៈការលក់ដូរ និងការបម្រើសេវាកម្មដល់ភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ៕