អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង

ប្រភពពីប្រជាពលរដ្ឋនៅភូមិពារាំង ឃុំរាប ស្រុកពារាំង បានឲ្យដឹងថា ដីបឹងលាច ដែលជាបឹងសាធារណៈរបស់រដ្ឋទំហំជាង១០ហិកតា កំពុងត្រូវឈ្មួញប្រើគ្រឿងចក្រកាយ យកអាចម៌ដីលក់មានជម្រៅដល់ក្បាលប្រេត ព្រោះមានការឃុបឃិតជាប្រព័ន្ធពី សំណាក់មន្ត្រីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីមន្ទីរពាក់ព័ន្ធ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ​ក៏ដូចជាលោក ស៊ុយ សែម ​រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ចាត់វិធា​នការទប់ស្កាត់ជាបន្ទាន់កុំឲ្យឈ្មួញប្រើ គ្រឿងចក្រធ្វើអាជីវកម្មរណ្តៅដីនៅចំណុចបឹងលាច ភូមិពារាំង ឃុំរាប ស្រុកពារាំង តាមអំពើចិត្តទៀត។ ប្រជាពលរដ្ឋសង្ស័យថា លោក ផេន សុផល មេឃុំរាប និងលោក​ ហ៊ី ធួក អភិបាលស្រុកពារាំង ទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញធ្វើអាជីវកម្មរណ្តៅដីនៅចំណុចបឹងលាច ទើបមិន​ចាត់វិធានការទប់ស្កាត់​ប្រកបដោយប្រសិទ្ធភាព។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិពារាំង បានបញ្ជាក់ច្បាស់ៗថា បឹងលាចដែលជាបឹង សាធារណៈរបស់រដ្ឋមានទំហំជាង១០ហិកតា ត្រូវឈ្មួញជីករណ្តៅដីជាច្រើនកន្លែង ហើយរណ្តៅដីខ្លះមានជម្រៅដល់ក្បាលប្រេតទៀតផង​។ ជាងនេះទៅទៀតឈ្មួញបានប្រើប្រាស់រថយន្តប្រភេទបែនធំៗកង់៦និងកង់១០ ដឹកជញ្ជូនអាចម៌ដីធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យខូចផ្លូវក្នុងមូលដ្ឋានជាបន្តបន្ទាប់ ក្នុងខណៈដែលលោក​ ហ៊ី ធួក ​អភិបាលស្រុកពារាំង និងលោក ផេន សុផល មេឃុំរាប រក្សាភាពស្ងៀមស្ងាត់។ ប្រជាពលរដ្ឋបានអំពាវនាវយ៉ាងទទូចឲ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះករណីឈ្មួញធ្វើអាជីវកម្មរណ្តៅដីនៅក្នុងបឹងលាច កំពុងធ្វើឲ្យប៉ះពាល់ដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងពេញបន្ទុក៕

ការិយាល័យផ្សព្វផ្សាយ 070926014

អត្ថបទដែលជាប់ទាក់ទង