មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ក្រុខ្មៅ បើកសម្ពោធជាផ្លូវការ ជាមួយការទទួលខុសត្រូវខ្ពស់បំផុតក្នុងការព្យាបាល, ងតា
កណ្តាល៖ ជាប្រវត្តិសាស្ត្រមួយដែរ សម្រាប់ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងវិស័យសុខាភិបាល ដើម្បីពិនិត្យ និងព្យាបាល សេវាសុខាភិបាលជូនប្រជាពលរដ្ឋទូទៅ និងកងកម្លាំង មន្ត្រីរាជការ ស៊ីវិល។ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ក្រុងតាខ្មៅ ជាមន្ទីរពេទ្យ ឯកជនមួយ បានចាប់ផ្តើមសម្ពោធបើកដំណើរការ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយលោក បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល លោក គង់ សោភណ្ឌ អភិបាលខេត្តកណ្តាល និង មន្ត្រីក្នុងខេត្តកណ្តាលក្រោមឱវាទ ជាច្រើននាក់ទៀត។
មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវេជ្ជបណ្ឌិតឯកទេស ឈឿន ប៊ុណ្ណារិទ្ធិ នាយកប្រតិបត្តិ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ បានថ្លែងក្នុងពិធីសម្ភោធអោយប្រើប្រាសជាផ្លូវការថា មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខគឺជាមូលដ្ឋាន សេវាសុខាភិបាលឯកជនមួយ ដែលបានជួយបំពេញនិងបម្រើសេវាសុខាភិបាលកម្រិត៣ និងផ្នែកថែទាំ ជូនបងប្អូនកម្មករនិយោជិត មន្ត្រីរាជការ ស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ លើផ្នែកហានិភ័យការងារនិងថែទាំសុខភាព ក្នុងគោលបំណងផ្តល់ការពិនិត្យ ព្យាបាល និងថែទាំវេជ្ជសាស្ត្រ ប្រកបដោយគុណភាពប្រសិទ្ធភាព និងក្នុងគោលបំណងបង្ខិតសេវាឲ្យកាន់តែកៀកទៅនឹង ប្រជាពលរដ្ឋ មូលដ្ឋនផងដែរ ។
ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ ដែលបានវាយប្រហារប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរនោះ មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយអប់រំ និងគោរព អនុវត្តរាល់វិធានការនានាដែលបានដាក់ចេញ។ លើសពីនេះទៅទៀតបុគ្គលិករបស់មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខមួយចំនួនក៏បានចូលរួមដោយស្ម័គ្រចិត្តជាក្រុមគ្រូពេទ្យជួរមុខនិងចែករំលែកនូវបទពិសោធល្អៗ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ព្រមទាំងបានចូលរួមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្របតាមយុទ្ធសាស្ត្រផ្ការីករបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។
មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ផ្អែកលើគុណតម្លៃស្នូលគឺ” គុណភាព សេវាកម្ម ក្រមសីលធម៌ វិជ្ជាជីវៈ ” និងទទួលបានការអនុញ្ញាតពី បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា បសស ដោយមានអគារកំពស់៤ជាន់ មានបន្ទប់៣០បន្ទប់ ស្មើរនិង៣០គ្រែ មានបុគ្គលិកសរុប៣៦នាក់ ស្រី២៤នាក់ ។ ក្នុងនោះវេជ្ជបណ្ឌិតឯកទេសចំនួន១២នាក់ ហើយ៧នាក់បានបញ្ចប់ការសិក្សានៅសាធារណរដ្ឋបារាំង និងម្នាក់បានបញ្ចប់ការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៌ថា មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ជាមន្ទីរពេទ្យតូច តែមានបេះដូងធំ ប្រកបដោយពាក្យស្លោកបួនឃ្លា គឺ គុណភាព សេវាកម្ម ក្រមសីលធម៌ វិជ្ជាជីវៈ “។
លោករដ្ឋមន្ត្រីបន្ថែមថា ឈ្មោះចតុមុខនេះ គឺជាឈ្មោះដ៏ប្រពៃ តាំងពីបរមបុរាណមកម្លេះ និងជាឈ្មោះរាជធានីផងដែរ ។ មិនតែប៉ុណ្ណោះ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ បានបើកចំហរសម្រាប់និសិត្សពេទ្យ ដទៃទៀត ដើម្បីមកដកស្រង់បទពិសោធន៍ និងបណ្តុះបណ្តាល ។
ចំពោះវិស័យសុខាភិបាល នេះ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន , សម្តេចក៏បានជំរុញអោយ ពន្លឿន និងយកចិត្តទុកដាក់បំផុត ក្នុងការផ្តល់សេវាកម្មសុខាភិបាល ជូនប្រជាពលរដ្ឋ អោយមានប្រសិទ្ធភាពខ្ពស់ ផងដែរ ៕