ពិធីបិទនិងប្រគល់កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌និងសុខភាពសហគមន៍ដល់សាខាកាកបាទក្រហមខេត្តគោលដៅចំនួន៤

(កណ្ដាល)៖ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី បានស្នើដល់សាខាកាកបាទក្រហមខេត្តគោលដៅចំនួន ៤ មាន៖ ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ត្រូវបន្តអនុវត្តឱ្យមាននិរន្តភាព ក្នុងកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ឱ្យទទួលបានជោគជ័យ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានស្នើបែបនេះក្នុងពិធីបិទ និងប្រគល់កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ដល់សាខាកាកបាទក្រហមខេត្តគោលដៅចំនួន ៤ មាន៖ ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បន្តថា កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ មានការគាំទ្រហិរញ្ញវត្ថុពីសហគមន៍អឺរ៉ុបតាមរយៈ សហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទ ក្រហម និងកាកបាទក្រហមហ្វាំងឡង់ កាកបាទក្រហមកម្ពុជាបាន នឹងកំពុងអនុវត្តគោលដៅចំនួន ១៩៤ភូមិ២០ឃុំ ១០ក្រុង-ស្រុក នៅក្នុងខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ក្នុងរយៈពេល ៣ឆ្នាំ មកហើយ។ ហើយកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ មានគោលដៅរួមចំណែកតាមរយៈការលើកកម្ពស់សុខមាលភាពរស់នៅ របស់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយអនុវត្តសកម្មភាពការងារសំខាន់ ៗចំនួន ៣ គឺ៖ ១. ការត្រៀមបង្ការជំងឺរាតត្បាត។ ២. ការគ្រប់គ្រងគ្រោះមហន្តរាយ/ការ ប្រែប្រួលអាកាសធាតុ និង ៣. ការអភិវឌ្ឍន៍ស្ថាប័ន។

លោកជំទាវអគ្គលេខាធិការ បន្ថែមទៀតថា បន្ទាប់ពីការបញ្ចប់ប្រតិបត្តិការកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ដោយសារសហគមន៍អឺរ៉ុប មានការផ្លាស់ប្ដូរទិសដៅអាទិភាពប្រតិបត្តិការ និងការងារកាត់បន្ថយហានិភ័យ ដូច្នេះខេត្តគោលដៅនីមួយៗ ត្រូវបង្ហាញពីភាពម្ចាស់ការ និងភាពទទួលខុសត្រូវរបស់ខ្លួន ក្នុងការបន្តសកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ឱ្យមាននិរន្តភាពនិងមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងផងដែរថា ការងារកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលបានអនុវត្តកម្មវិធីនៅភូមិគោលដៅចំនួន ៤១ ក្នុងឃុំចំនួន ៦ នៃស្រុកគោលដៅចំនួន ៣ ទូទាំងខេត្តកណ្ដាល រួមមាន៖ ស្រុកខ្សាច់កណ្ដាល ស្រុកលើកដែក និងស្រុកកោះធំ ដោយបានអនុវត្តលើខ្នងផ្ទះប្រជាពលរដ្ឋសរុបចំនួន ១៤,៦១៧ខ្នង មានអ្នកទទួលផលសរុបចំនួន ១៥,៧៥៤គ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង