ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី!
ពីវេទិការអធិបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីចាត់ការ បណ្ណាល័យ ក្នុងសាលាបឋមសិក្សាពងពស់ និងផ្លូវបេតុង ប្រវែង ៤ ៦០០ម៉ែត្រ ស្ថិតនៅក្នុងវត្តពងពស់ ភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អាហារូបករណ៍ ស សុខា បានផ្តល់ជូនក្មួយៗសិស្សានុសិស្ស ក្នុងរយៈពេលដ៏ខ្លី សរុបជិត ២ពាន់កន្លែង នៅតាមស្ថាប័នគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន។
ឯកឧត្តមអភិសន្តិបណ្ឌិត បានរម្លឹកថា កន្លងមកអាហារូបករណ៍ ស សុខា ដែលបានផ្ដល់ជូនសិស្ស និស្សិត មានចំនួនច្រើនដែរ ប៉ុន្តែនិន្នាការនៃការស្នើសុំហាក់ដូចជាពុំសូវពុះកញ្ជ្រោលដូចឆ្នាំនេះទេ ពោលគឺឆ្នាំកន្លងទៅ មានអាហារូបករណ៍ នៅសល់ជាច្រើនកន្លែង ទោះបីជាមានចលនាជំរុញ និងលើកទឹកចិត្តយ៉ាងសកម្មក៏ដោយ។ ឯកឧត្តម បានបន្ថែមថា«ឆ្នាំនេះ គិតត្រឹមតែជាង ១០ថ្ងៃ អាហាររូបករណ៍រាប់ពាន់កន្លែង ត្រូវបានផ្ដល់ជូនសិស្សានុសិស្សទាំងអស់។ ក្រុមការងារកំពុងស្នើសុំបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ក្មួយៗ បានសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា ដែលនេះគឺជាបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំ»។
ភ្ជាប់នឹងប្រធានបទស្ដីពីអាហារូបករណ៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថាវិស័យអប់រំ គឺជាថ្នាលបណ្តុះបណ្ដាលមួយដ៏មានសារ:សំខាន់បំផុត សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ដែលជាយុវជនបន្តវេន និងចូលរួមអភិវឌ្ឍសង្គមជាតិប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរឹងមាំ ស្របតាមការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់យកអាទិភាពគន្លឹះ ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថល និងផ្តោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១។
ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កេតឃើញថា សិស្សានុសិស្សដែលទើបប្រឡងចប់សញ្ញាបត្រថ្នាក់មធ្យមសិក្សាទុតិយភូមិ នាពេលកន្លងទៅនេះ ដោយមានអាយុខ្លះទើបតែ ១៦ឆ្នាំប៉ុណ្ណោះ បានប្រឡងជាប់ និងឈានជើងចូលទៅសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលជាកត្តាមួយបានបង្ហាញថា វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា មានភាពរីកចម្រើនជាលំដាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញឱ្យអាណាព្យាបាល បន្តលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់កូនៗឱ្យខិតខំសិក្សា និងបន្តគាំទ្រពួកគេឱ្យសម្រេចចិត្តតាមចំណង់ជំនាញ សមត្ថភាព និងទេពកោសល្យសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា។
ក្នុងឱកាសនោះដែរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍បញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង ប្រវែង ៤ ៦០០ម៉ែត្រ នៅភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ ញ៉ែម សាខន ដែលលោកទាំងពីរ តែងតែមានការយកចិត្តទុកដាក់រួមចំណែកគាំទ្រវិស័យអប់រំជាមួយរាជរដ្ឋាភិបាលគ្រប់នីតិកាល៕