មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ត្រៀមកម្លាំងរួចជាស្រេចក្នុងការចុះអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
កណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញត្រួតពិនិត្យកម្លាំង ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ តាមបទបញ្ជារបស់ថ្នាក់លើ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានបញ្ជាក់ថា ដោយសារតែមានភ្លៀងធ្លាក់ធំជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្ដាលឱ្យមានជំនន់ទឹកភ្លៀង ធ្វើឱ្យខូចខាតផលដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងផ្ទះ នៅតាមបណ្ដាខេត្តមួយចំនួន ។ ដូច្នេះកម្លាំងត្រូវត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង គ្រប់បណ្ដាអង្គភាពចំណុះទាំងអស់ ដើម្បីត្រៀមលក្ខណៈចល័តអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ បានទាន់ពេលវេលា ។
ឯកឧត្តម មេបញ្ជាការ ក៏បានលើកឡើងផងដែរការយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំពីថ្នាក់ដឹកនាំពិសេស ពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្រសួង ការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងការចុះជួយប្រជាពលរដ្ឋ នៅពេលមាន សំណូម ពរចាំបាច់ណាមួយ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម មេបញ្ជាការ ក៏បានថ្លែងកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តនូវតួនាទីភារកិច្ចតបតាមបទបញ្ជាដែលបានដាក់ចុះ ក៏ដូចជាអនុវត្តតាមផែនការរបស់ថ្នាក់លើប្រគល់ជូន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕