ឯកឧត្តម Takahashi Fumiaki ជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពីគម្រោងបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ នាឆ្នាំ២០២៤ ខាងមុខ

ភ្នំពេញ ៖ ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែវិឆ្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម Takahashi Fumiaki ប្រធានសមាគមជប៉ុន- កម្ពុជា (JCA) បានគូសបញ្ជាក់ថា សមាគមជប៉ុន-កម្ពុជា នឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ នាឆ្នាំ២០២៤ ខាងមុខ។

ឯកឧត្ដមប្រធានសមាគមជប៉ុន-កម្ពុជា បានបញ្ជាក់ដែរថា ការិយាល័យសមាគមនេះ នឹងលេចចេញជារូបរាងនៅឆ្នាំ២០២៤ ដើម្បីដើរតួនាទីជាមជ្ឈមណ្ឌលកណ្តាល ក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុន និងដៃគូវិនិយោគនានានៅប្រទេសកម្ពុជា។

ឯកឧត្ដម Takahashi Fumiaki ក៏បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែរថា បច្ចុប្បន្ន JCA កំពុងកៀរគរ និងជំរុញវិនិយោគិនសហគ្រាសធុនតូច និងមធ្យមជប៉ុន ដែលមានវិជ្ជាជីវៈ និងបច្ចេកវិទ្យាទំនើប មកវិនិយោគបន្ថែមនៅកម្ពុជា ក្នុងន័យដើម្បីជំរុញការវិនិយោគបន្ថែម ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា។

ជាការឆ្លើយតបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្ដម Takahashi Fumiaki និងគណៈប្រតិភូ សមាគមជប៉ុន-កម្ពុជា ព្រមទាំងបានសម្តែងនូវការអបអរសាទរសម្រាប់ឱកាសប្រារព្ធខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណសមាគមជប៉ុន-កម្ពុជា ដែលបានជួយជ្រោមជ្រែង និងចូលរួមយ៉ាងសកម្មដល់ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការ ជាពិសេសការជំរុញវិនិយោគិនជប៉ុនមកបណ្ដាក់ទុនដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

មុននឹងបញ្ចប់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញការស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះគម្រោងបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ និងបានថ្លែងអរគុណវិនិយោគិនជប៉ុន ដែលបានបង្ហាញការចាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ និងគ្រឿងសម្អាងនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង