អ៊ុំទូក”ង” នៅស្រុកល្វាឯម ខេត្តកណ្ដាល, ចំណុះទូក៥២គ្រឿង ប្រណាំងយ៉ាងក្លៀវក្លា សប្បាយរីករាយ ក្រោមការឧបត្ថម្ភរបស់ឧបនាយករដ្ឋមន្ត្រីអូនព័ន្ធ មុនីរ័ត្ន

(កណ្ដាល)៖ ពិធីអ៊ុំទូក”ង” ដែលមានចំណុះទូកចូលរួមចំនួន៥២ទូក មានទូកខ្នាតខ្លីខ្នាតវែង បានប្រណាំងគ្នាបែកទឹកកក្រើកស្រុកល្វាឯម ដើម្បីដកស្រង់បច្ចេកទេសត្រៀមលក្ខណ:ចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែនៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះ។ ពិធីនេះបានធ្វើឡើងយ៉ាងឱឡារឹកនៅស្រុកល្វាឯម រយ:ពេល២ថ្ងៃ ពោលគឺចាប់ផ្ដើមនៅថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។

លោកបណ្ឌិតកន សុកកាយ អភិបាលស្រុកល្វាឯមបានថ្លែងពីគុណបំណាច់ដ៍ធំធេងនៃសុខសន្តិភាព ដែលអនុញ្ញាត្តដល់រដ្ឋបាលស្រុកល្វាឯម មានឱកាសក្នុងការរៀបចំពិធីអុំទូកនេះឡើងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះមើលឃើញថា មានការចូលរួមយ៉ាងច្រើន ខណ:ដែលស្រុកបានរៀបចំទទួលភ្ញៀវទេចរណ៍មកលេងកម្សាន្តយ៉ាងសម្បូរបែប ។

លោកអភិបាលស្រុកបន្តថា យើងបានរៀបចំឲ្យមានស្តង់ពិពណ៍ តូបលក់ចំណីអាហារ ភេសជ្ជ: វត្ថុអនុស្សាវរីយ៍យ៉ាងច្រើន និងមានតន្ត្រីកម្សាន្តជាមួយនឹងតារាចម្រៀងផងដែរ ។ រឹតតែស្អាតនោះគឺពេលយប់មានភ្លើងចម្រុះពណ៍ ខណ:ដែលការរៀបចំនេះនឹងទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើនណាស់ ហើយសណ្ដាប់ធ្នាប់ កងកម្លាំងជាង២០០នាក់ត្រូវបានដាក់ពង្រាយគ្រប់ទីកន្លែងដើម្បីរក្សាការពារសុវត្ថិភាពដល់បងប្អូនមកលេងកម្សាន្ត និងទីតាំងសុខាភិបាលផងដែរដើម្បីសង្រ្គោះពលរដ្ឋដែលមានតម្រូវការផ្នែកសុខភាពបន្ទាន់។

លោកអភិបាលស្រុកថ្លែងបន្តថា កម្មវិធីដ៍ពិសេសនេះអាចប្រព្រឹត្តទៅបានគឺទទួលបានការឧបត្ថម្ភពីសំណាក់ឧបនាយករដ្ឋមន្ត្រីអូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាល ដែលលោកតែងតែជួយឧបត្ថម្ភមិនដែលខានឡើយមកចំពោះរាល់កម្មវិធីអ្វីមួយនៅមូលដ្ឋានរបស់លោក ក្នុងនោះក៍មានស្រុកល្វាឯមផងដែរ។ហើយក៍អរគុណដល់លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលផងដែរ ដែលអនុញ្ញាតនិងជួយជ្រោមជ្រែងរាល់កម្មវិធីផងដែរ។

លោកអភិបាលស្រុកថ្លែងថា ការប្រណាំងទូកឆ្នាំនេះហាក់មានភាពសប្បាយរីករាយ និងមានការចូលរួមច្រើនជាងឆ្នាំកន្លងទៅ ពោលគឺរដ្ឋបាលស្រុក បានរៀបចំការប្រណាំងត្រូវកាល ត្រូវវេលា ពោលគឺចំខែកក្ដិក មានខ្យល់ធ្លាក់ត្រជាក់រងា ហើយពលរដ្ឋមកលេងម្សាន្តទទួលបានអារម្មណ៍ស្រស់ស្រាយ និងពោរពេញទៅដោយភាពសប្បាយរីករាយ ។

លោកអភិបាលស្រុកស្នើរឲ្យបងប្អូនជិតឆ្ងាយមកលេងកម្សាន្តឲ្យបានច្រើនកុះករ ដែលការរៀបចំកម្មវិធីនេះធ្វើឡើងនៅមុខវិទ្យាល័យទឹកឃ្លាំង ភូមិ-ឃុំទឹកឃ្លាំង បរិវេណតារាងបាល់ទាត់ដ៍ធំទូលាយ ។

ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋដែលបានមកទស្សនាកម្សាន្ត បានសំដែងការសប្បាយរីករាយចំពោះកម្មវិធីដ៍កក្រើកនេះ និងកោតសរសើរចំពោះលោកបណ្ឌិតអភិបាលស្រុក ដែលលោកលះបងកម្លាំងកាយ-ចិត្ត ធនធាន រៀបចំកម្មវិធីក៍ឱឡារឹកជ្រកក្រោមម្លប់សន្តិភាពដ៍កក់ក្ដៅយើងនេះ៕

អត្ថបទដែលជាប់ទាក់ទង