(ភ្នំពេញ)៖ ដើម្បីចូលរួមប្រណាំងថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការប្រណាំងទូកសាកល្បងកម្លាំង និងដកស្រង់បច្ចេកទេសថ្នាក់រាជធានី មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ វិច្ឆិកា ដល់ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ នៅមុខព្រះបរមរាជវាំង។
ពិធីអុំទូកសាកល្បងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង ,ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ ចំពោះចំនួនទូកដែលបានចូលរួមទាំងទូកអុំ, ទូកមួង ឬហៅថា ទូកចែវ, ទូកខ្នាតអន្តរជាតិ ទាំងបុរសនារី សរុបចំនួន៤៤ទូក ដែលចែកចេញជា៣ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ, ទូកអុំបុរស និងទូកចែវបុរស រួមទាំងកីឡាករ កីឡាការនី សរុបចំនួន២.៨៧៩នាក់ នារី៥៤នាក់។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីបងប្អូនប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទំលាប់ជាតិ តាំងពីយូរលង់មកហើយ ដែលបានបង្ហាញពីការរំលឹកដឹងគុណដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែ ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនាន់មកហើយ។ អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គា ដែលបាននាំមកនូវទឹក និងដីល្បាប់ដ៏មានជីជាតិ សំរាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋយើង ក្នុងការលើកស្ទួយវិស័យកសិកម្មជាតិ ឲ្យមានការរីកចំរើន។
ម៉្យាងទៀត ក៏ជាការផ្តល់ឱកាសសប្បាយរីករាយ និងសាមគ្គីភាព ក្នុងមហាគ្រួសាសំរាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងសុខសន្តិភាពដ៏បរិបូណ៍ រួមទាំងដំណើរការអភិវឌ្ឍន៏ប្រទេសជាតិយ៉ាងឆាប់រហ័ស ពិសេសនៅរាជធានី ភ្នំពេញក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំអនុវត្តដោយផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ។
យោងតាមការគូសបញ្ជាក់ពីលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ, គូរទូកទាំងអស់ ត្រូវប្រណាំង២ជើង គឺប្តូរខ្សែទឹកក្នុង និងខ្សែទឹកក្រៅ ដោយប្រើក្រូណូម៉ែត្រ សំរាប់ចាប់កំរិតល្បឿន។ លោកប្រធានមន្ទីរ ក៏បានអរគុណដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ក្រោមឱវាទរាជធានីភ្នំពេញដែលបានជួយគាំទ្រទាំងស្មារតី និងថវិកាសំរាប់ការ ចំណាយក្នុងការប្រណាំងទូកជ្រើសរើសទូកលឿន, ទូកមធ្យម ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ។
ឯកឧត្តម ឃួង ស្រេង ថ្លែងថា អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ សាធារណៈជូន ប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះឲ្យទទួលបានភាពសប្បាយរីករាយ។ ឯកឧត្តម នៅបន្តអំពាវនាវបន្ថែមទៀត ដល់បងប្អូនជាកីឡាករ កីឡាការនីអុំទូកទាំងអស់ ត្រូវហូបចុក និងសំរាកឲ្យបានគ្រប់គ្រាន់ ជៀសវាងផលប៉ះពាល់ដល់សុខភាព ដែលវានឹងប៉ះពាល់ដល់ការប្រកួត រួមទាំងការពង្រឹង សាមគ្គីភាព ក្នុងចំណោមបងប្អូនកីឡាករទាំងអស់ ដោយក្តីយោគយល់ និងអធ្យាស្រ័យគ្នានព្រោះយើងមកចូលរួមលើកតំកើងប្រពៃណីទំនៀមទំលាប់ជាតិទាំងអស់គ្នា មិនមែនមកដើម្បីប្រើអំពើហឹក្សាណាមួយរវាងគ្នា និងគ្នានោះទេ៕