គម្រោងសាងសង់អាងចម្រោះទឹកកខ្វក់មួយ នៅខេត្តកំពង់ស្ពឺ នឹងកើតឡើងឆាប់ៗនេះ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន

ភ្នំពេញ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយសារតែការរីកចម្រើនផ្នែករោងចក្រ សហគ្រាស ដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានទឹកស្អាត គម្រោងសាងសង់អាងចម្រោះទឹកកខ្វក់មួយ នឹងកើតឡើងក្នុងពេលឆាប់ៗនេះ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន BUCG Co., LTD ។

ការបញ្ជាក់របស់ឯកឧត្ដម អភិបាលខេត្តបែបនេះ ធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូ ធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ពីគម្រោងសាងសង់ប្រព័ន្ធអាងចម្រោះទឹកកខ្វក់ នៅទីក្រុងប៉េកាំង ប្រទេសចិន រយៈពេលបីថ្ងៃ ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ដំណើរទស្សនកិច្ចនេះដែរលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ក៏បានអមដំណើរចូលរួមផងដែរ ។

ជុំវិញបញ្ហានេះដែរ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា «ទៅមើលនេះយើងទៅផ្ដោតសំខាន់ លើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ពីគម្រោងសាងសង់ប្រព័ន្ធអាងចម្រោះទឹកកខ្វក់ នៅក្រុមហ៊ុន BUCG Co., LTD ដើម្បីដាក់ស្នើសុំទៅរដ្ឋាភិបាលចិន ដើម្បីសុំលេខរៀងគម្រោង សាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ធំមួយ សម្រាប់យកទឹកកខ្វក់ពីរោងចក្រទាំងអស់ ដើម្បីចម្រោះទឹកកខ្វក់ទាំងនោះឲ្យមកជាទឹកធម្មតា អាចបង្ហូរចូលទៅតាមស្ទឹងធម្មជាតិវិញបាន» ។

លោកប្រធានមន្ទីរធនធានទឹកខេត្តបន្ថែមថា គម្រោងនេះនៅមិនទាន់ដឹងទេថា ត្រូវចំណាយទឹកប្រាក់ប៉ុន្មានក្នុងការសាងសង់នៅឡើយទេ គ្រាន់តែដឹងថានឹងសាងសង់លើផ្ទៃដី ២០ហិកតា ៕

អត្ថបទដែលជាប់ទាក់ទង