រដ្ឋបាលព្រៃឈើភ្នំពេញ នាំយកដើមផ្កាសាគូរ៉ា ទៅដាំនៅបណ្តោយផ្លូវចូលសាលាខណ្ឌមានជ័យ ដើម្បីរួមចំណែកធ្វើឲ្យមានសោភ័ណ្ឌភាព
(ភ្នំពេញ)៖ មន្ត្រីរដ្ឋបាលព្រៃឈើភ្នំពេញ និងមន្ត្រីសាលាខណ្ឌមានជ័យ បាននាំគ្នាដើមផ្កាសាគូរ៉ា ទៅដាំនៅតាមបណ្តោយផ្លូវចូលសាលាខណ្ឌ ដើម្បីចូលរួមឲ្យរាជធានីភ្នំពេញ ជាទីក្រុង ដែលមានពណ៌បៃតង ពិសេសដើម្បីមានបរិស្ថានល្អតាមដងផ្លូវ បង្កើនខ្យល់បរិយាកាសល្អបរិសុទ្ឋ ដល់មន្ត្រីរាជការ ឬប្រជាពលរដ្ឋ ដែលមកទទួលសេវា នៅសាលាខណ្ឌមានជ័យ មានអារម្មណ៍ស្រស់ស្រាយផងដែរ។
លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានប្រាប់ឲ្យដឹងថា ការយកដើមសាគូរ៉ា មកដាំនៅតាមបណ្តោយផ្លូវចូលសាលាខណ្ឌ គឺក្នុងគោលបំណងបង្កើនគម្របបៃតង នៅក្នុងទីក្រុងភ្នំពេញ ពិសេសតំបន់ផ្លូវសម្តេចតេជោ ក៏ដូចជាបរិស្ថានល្អនៅតាមដងផ្លូវ ទុកជូនដល់មន្ត្រី និងប្រជាពលរដ្ឋ ចេញចូលសាលាខណ្ឌមានជ័យ បានស្រូបយកខ្យល់អាកាសបរិសុទ្ធនៅទីនេះ ។
លោកបានបន្ថែមឲ្យដឹងថា ដើមសាគូរ៉ាទាំងអស់នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានផ្តល់ជូន និងតែងតែណែនាំ ឲ្យរដ្ឋបាលព្រៃឈើ ចូលរួមដាំដើមឈើទាំងអស់គ្នា និងត្រូវស្រលាញ់ និងថែទាំដើមឈើ ឲ្យដូចយើងស្រលាញ់ និងថែទាំកូនចៅរបស់យើងដែរ ព្រោះដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ។
នាឱកាសនោះដែរ លោក ហែម ដារិទ្ឋិ អភិបាលខណ្ឌមានជ័យ បានថ្លែងអំណរគុណដល់អភិបាលរាជធានីភ្នំពេញ តាមរយៈលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដែលផ្តល់ដើមឈើ និងបានយកមកដាំ នៅដងផ្លូវចូលសាលាខណ្ឌមានជ័យនាពេលនេះ ដែលដើមឈើ គឺបានផ្តល់អត្ថប្រយោជន៍ច្រើនណាស់ ដល់មនុស្ស សត្វ ជាពិសេសទុក ឲ្យកូនចៅនាពេលបច្ចុប្បន្ន និងអនាគត បានជ្រកម្លប់ដ៏ត្រជាក់ និងស្រូបក្លិនផ្កា ដ៏ក្រអូបចេញផ្កានេះផងដែរ៕