សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍”

កណ្ដាល៖ រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត សប្បុរសជន អ្នកផ្ទុកមេរោគអេដស៍ និងក្មួយៗយុវជនកាកបាទក្រហម ជាច្រើននាក់ ដែលពិធីនេះប្រារព្ធធ្វើនៅសាខាកាកបាទក្រហមខេត្តកណ្ដាល។

ពិធីនេះដែរឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានអាននូវសុន្ទរកថាឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ លើកទី៣០។

បន្ទាប់ពីអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បាននាំមកនូវការផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអ្នកផ្ទុកមេរោគអេដស៍ និងក្មួយៗយុវជនកាកបាទក្រហមដោយក្តីនឹករឭកបំផុត។

ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ជារៀងរាល់ឆ្នាំ ខេត្តកណ្ដាល តែងតែងរៀបចំការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ជាទៀងទាត់ ហើយឆ្នាំ២០២៣នេះ ជាខួបលើកទី៣០ ដែលការប្រារព្ធទិវានេះគឺធ្វើឡើងក្នុងគោលបំណងបង្ហាញការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងនោះ យើងរំឭកពីការផ្តល់នូវការគាំទ្រដល់អ្នកផ្ទុកមេរោគ អេដស៍ រំឭកនូវការសោកស្ដាយចំពោះអ្នកស្លាប់ដោយសារជំងឺអេដស៍ ព្រមទាំងក្រើនរំឭកដល់ ប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យចងចាំពីគ្រោះថ្នាក់នៃការឆ្លងមេរោគអេដស៍ ដើម្បីទាំងអស់គ្នាឈានទៅលុបបំបាត់ ការឆ្លងរីករាលដាលមេរោគអេដស៍ រួមចំណែកក្នុងការអភិវឌ្ឍមនុស្សជាតិ។

ឯកឧត្ដម បន្ថែមថា៖ ការឆ្លងរាលដាលថ្មីនៃមេរោគអេដស៍នៅមិនទាន់អាចជៀសផុតបានទាំងស្រុងនៅឡើយ ហើយកំណើននៃការឆ្លងថ្មីនៅតែជាផ្នែកមួយនៃឧបសគ្គ ដែលគំរាមកំហែង ដល់សុខភាពសាធារណៈរបស់មនុស្សជាតិ នឹងកំពុងរារាំងវឌ្ឍនភាព ក្នុងការឈានទៅបិទបញ្ចប់ជំងឺអេដស៍ ដែលទាមទារឱ្យមានការបន្តយកចិត្តទុកដាក់បន្ថែមទៀត ពីសំណាក់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត អង្គការមិនមែនរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់។

លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឱ្យដឹងថា៖ យោងតាមប្រភពទិន្នន័យសង្ខេបឆ្នាំ២០២២ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការUNAIDS បានឱ្យដឹងថាចំនួនប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍ សរុបមានប្រមាណ ៧៦.០០០នាក់ ដោយឡែកក្នុងខេត្តកណ្តាលមានប្រមាណ ៥ ៣៣៦នាក់។ ក្នុងនោះអ្នកមកធ្វើតេស្តឈាម និងបានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួនមានចំនួន ៦៧ ៣៨៣នាក់ ស្មើនឹងប្រមាណ៨៦% (ដោយឡែកខេត្តកណ្តាលសម្រេចបានប្រមាណ៨៩%)។ ជាមួយគ្នានេះ ៩៩% នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានដឹងពីស្ថានភាពរបស់ខ្លួន បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ខេត្តកណ្តាលសម្រេចបាន១០០%)។ ហើយ៩៨%នៃអ្នកដែលបានទទួលការព្យាបាល ត្រូវបានពិនិត្យឃើញថាមានការកាត់បន្ថយចំនួនមេរោគមកនៅកម្រិតទាបបំផុត (ខេត្តកណ្តាល ក៍សម្រេចបាន៩៨%ដូចគ្នាដែរ)៕

អត្ថបទដែលជាប់ទាក់ទង