ឯកឧត្តម ហេង សួរ ប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញគណបក្សជូនសមាជិកគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានៅសាលប្រជុំទីស្នាក់ការគណបក្សរាជធានីភ្នំពេញ។
ថ្លែងទៅកាន់សមាជិកប្រមាណជាង៥០០នាក់ឯកឧត្តម ហេង សួរ បានបញ្ជាក់អំពីការសម្រេចរបស់មហាសន្និបាតគណបក្សក្រោមវត្តមានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចអនុប្រធានទាំង៤រូបដោយជ្រើសតាំងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
បន្ថែមពេលនេះ ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ទៅកាន់សមាជិកគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីការសម្រេចបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលចំនួន៤៩៦រូបដែលធ្វើឲ្យបរិមាណសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា មានចំនួនសរុប១ ៣១២រូប និងការសម្រេចបញ្ចូលសមាជិកគណអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សចំនួន២៣រូបបន្ថែមទៀតផងដែរ។
ទន្ទឹមនឹងនោះ ឯកឧត្តម ហេង សួរ បានជំរុញឱ្យគណបក្សមូលដ្ឋានពង្រឹងការកសាងសមាជិកភាព និងអនុវត្តឱ្យល្អប្រសើរនូវគោលនយោបាយរបស់គណបក្សដើម្បីថែរក្សាសន្តិភាព ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើតសមិទ្ធិផលធំៗ ថ្មីបន្ថែមទៀតក្នុងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា៕