រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជម្រុញដល់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាដោយយកចិត្តទុកដាក់

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជម្រុញដល់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាដោយយកចិត្តទុកដាក់
ដើម្បីសម្រេចតាមផែនការនៃការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាជម្រុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២៤នេះ ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ថ្លែងថា ការចុះបញ្ជីដីធ្លីមិនមែនអង្គភាពសុរិយោដីធ្វើតែឯងនោះទេ គឺត្រូវចូលរួមធ្វើទាំងអស់គ្នា ដូចនេះសូមជម្រុញដល់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាលក្នុងការរៀបចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។
ឯកឧត្តម សាយ សំអាល មានប្រសាសន៍ថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ។ ដូច្នេះសូមជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះ ឲ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានកំណត់ ជាពិសេសនោះ គឺការបន្តសកម្មភាពរៀបចំចុះបញ្ជីដីធ្លីនៅជុំវិញបឹងទន្លេសាបឱ្យបានរួចរាល់ ប្រកបដោយប្រសិទ្ធភាព និងសុក្រិតភាព ជាមួយនឹងការធ្វើការកែសម្រួល ដោយកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ដែលតាំងទីលំនៅពិតប្រាកដ និង រស់នៅរយៈពេលយូរមក ហើយ។ ប៉ុន្តែការងារ ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទាំងនោះ មិនទាន់ចប់នៅឡើយទេ ដែលទាមទារបន្តសកម្មភាពក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា កន្លងទៅថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការងារដែលត្រូវធ្វើបន្ត ត្រូវបែងចែកជាពីរ គឺការងារចំពោះមុខ និង ការងាររយៈពេល វែង។ ការងារចំពោះមុខ ត្រូវបញ្ចប់ការងារនេះដោយប្រសិទ្ធភាព និងសុក្រិតភាព តាមរយៈការចុះបញ្ជីដីឲ្យបានត្រឹមត្រូវ ហើយត្រូវចុះបញ្ជីជាប្រព័ន្ធតែម្តង។ សម្រាប់ជំហានទីពីរ គឺធ្វើឡើងក្រោយពេលដែលចុះបញ្ជីរួចរាល់ គឺអាជ្ញាធរបឹងទន្លេសាប ត្រូវរៀបចំផែនទី និងបោះបង្គោលឡើងវិញ ហើយដាក់បញ្ចូលក្នុងប្រព័ន្ធ។ ជាមួយនេះ សូមជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ត្រូវបន្តបំពេញភារកិច្ចរៀងៗខ្លួនជាប្រក្រតី ដោយជ្រោងទង់សាមគ្គី ឯកភាពគ្នាផ្ទៃក្នុងឲ្យកាន់តែរឹងមាំ និងរក្សាពូនជ្រុំ មរតកដ៏មានតម្លៃនានាដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឲ្យ ដើម្បីចូលរួមគាំទ្រសម្រេចឲ្យបាននូវបេសកកម្ម ដ៏ឧត្តុង្គឧត្តម របស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញ និងស្នើអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយព្រមទាំងណែនាំដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈចំពោះឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវជាដើម ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ដើម្បីជម្រុញការចុះបញ្ជីដីតាមគោលនយោបាយ «ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្តនិងបរិយាកាសគ្មានវិវាទ» រដ្ឋបាលខេត្ត ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិការដោយខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសាមគ្គី និងឯកភាពផ្ទៃក្នុងទើបធ្វើឲ្យស្ថាប័នមានការរីកចម្រើន ព្រមទាំងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ៕
ខេត្តសៀមរាប

អត្ថបទដែលជាប់ទាក់ទង