ការផ្លាស់ប្តូររថយន្តដឹកកម្មករឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព ជាការគិតគូរប្រយោជន៍ទាំងសម្រាប់កម្មករ និងអ្នកប្រកបរបរដឹកជញ្ជូន
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព គឺជាការគិតគូរ ដែលរាជរដ្ឋាភិបាលនឹងជួយទៅដល់កម្មករនិយោជិត ឱ្យធ្វើដំណើរប្រកបដោយផាសុកភាព និងស្របតាមបទដ្ឋានបច្ចេកទេស ហើយអ្នកប្រកបរបរដឹកជញ្ជូន ក៏នឹងមិនប៉ះពាល់ដល់ចំណូលរបស់ខ្លួនផងដែរ។
ការបញ្ជាក់យ៉ាងដូចនេះ គឺក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញបើកសិក្ខាសាលានៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ស្តីពី “ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេសនិងផាសុកភាព” រៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ដោយមានភាគីពាក់ព័ន្ធចូលរួមប្រមាណ ៥០០នាក់។
ក្រៅពីការបញ្ជាក់លើសារៈសំខាន់នៃការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរសម្រាប់កម្មករនិយោជិត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអង្គសិក្ខាសាលាប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានទាំងកម្មករនិយោជិត និយោជក អ្នកប្រកបរបរដឹកជញ្ជូន និងអង្គការដៃគូ ដើម្បីធានាការផ្លាស់ប្តូរមួយដែលគ្រប់ភាគីទទួលយកបាន និងពេញចិត្ត ព្រោះថា មានតែធាតុចូល ដែលឈរលើស្មារតីជាក់ស្តែងនិយម ដែលមិនប៉ះពាល់ដល់ភាគីណាមួយប៉ុណ្ណោះទេ ទើបធ្វើឱ្យការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ដែលប្រកបដោយបទដ្ឋានបច្ចេកទេស និងផាសុកភាពនេះទទួលបានជោគជ័យ។
សូមរំលឹកថា ការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរសមរម្យនេះ គឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍១០ចំណុច ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ ដើម្បីសម្រេចអនុសាសន៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈបេឡាជាតិសន្តិសុខសង្គម បានរៀបចំការពិភាក្សាជាមួយភាគីពាក់ព័ន្ធចំនួន៦លើក រួចមកហើយ បើគិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ។
ជាមួយនឹងសិក្ខាសាលា ដែលមានទាំងកម្មករនិយោជិត និងសហជីពចូលរួម ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិតជាបានគិតគូររគ្រប់ជ្រុងជ្រោយ ចំពោះបងប្អូនកម្មករនិយោជិត មិនត្រឹមតែពេលកំពុងធ្វើការ ឬពេលមានបញ្ហាសុខភាពនោះទេ សូម្បីតែពេលបងប្អូនកម្មករនិយោជិតធ្វើដំណើរ ក៏ជាក្តីកង្វល់ ដែលរាជរដ្ឋាភិបាលកំពុងផ្តោតយកចិត្តទុកដាក់ខ្លាំងផងដែរ៕